ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់សង្ក្រាន្តវត្តភ្នំ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមប្រមាណជិត ២២ម៉ឺននាក់ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់ របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានដើរលេង កម្សាន្ត និង លេងល្បែងប្រជាប្រិយប្រកបដោយភាពសប្បាយរីករាយ ជាពិសេសបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកតសម្គាល់អ្វីឡើយ ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំសម្រាប់ថ្ងៃទី១មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៤ម៉ឺននាក់ នៅថ្ងៃទី២ ចំនួន ៦៥ ០០០នាក់ លើសថ្ងៃទី១ជាង២ម៉ឺននាក់ និងថ្ងៃទី៣នេះ បងប្អូនយើងចូលរួមចំនួន ១១៥ ០០០នាក់ លើសថ្ងៃទី២ជិតទ្វេរដង ដែលប្រកបដោយ ភាពសប្បាយរីករាយ ។
តាមការបញ្ជាក់ឱ្យដឹងពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ថា រដ្ឋបាលខណ្ឌដូនពេញ បានចែកម៉ាសដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលមកកម្សាន្តអស់ចំនួន ១២ ០០០ម៉ាស ដោយមិនគិតកម្រៃ។ ចំណែកការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ បានចំនួន៦៧នាក់ និងមណ្ឌលវត្តឧណ្ណាលោម ចាក់បានចំនួន២២នាក់ សរុបរួមបានចំនួន ៨៩នាក់។
ចំណែកសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ មានលក្ខណ:ល្អប្រសើរ មិនមានបទល្មើសព្រហ្មទណ្ឌអ្វីគួរឱ្យកត់សម្គាល់ឡើយ។ប្រជាពលរដ្ឋ និងភ្លៀវទេសចរ ដែលមកកម្សាន្ត មានការសប្បាយរីរាយ និងអបអរសាទរចំពោះរដ្ឋបាលរាជរាជធានីភ្នំពេញ ដែលបានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកកម្សាន្តសប្បាយ ប្រកបដោយសុវត្ថិភាពខ្ពស់ ទាំងការងាររក្សាសន្តិសុខ សុវត្ថិភាព និងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន