បរទេស៖ សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថារដ្ឋបាលលោក Biden នឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរមកពីប្រទេសក្នុងទ្វីបអាហ្វ្រិកខាងត្បូងចំនួន៨ប្រទេសដែលបានដាក់កាលពីខែមុន ជុំវិញការព្រួយបារម្ភអំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ប្រភេទអូមីក្រុង។នេះបើតាមប្រភពព័ត៌មាន theguardian។
អ្នកនាំពាក្យសេតវិមានលោក Kevin Munoz បានសរសេរនៅលើ Twitter ថា លោក Biden នឹងលុបចោលការរឹតបន្តឹងបណ្តោះអាសន្ន លើអ្នកដំណើរមកពីបណ្តាប្រទេសទ្វីបអាហ្វ្រិកខាងត្បូងដែលនឹងចាប់ផ្តើមពីថ្ងៃទី ៣១ ខែធ្នូ។ លោកបន្តថា ការសម្រេចចិត្តនេះ គឺត្រូវបានណែនាំដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC)។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៩ខែវិច្ឆិកា សហរដ្ឋអាមេរិក បានហាមប្រាមអ្នកដំណើរស្ទើរតែទាំងអស់មិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ដែលទើបតែបានធ្វើដំណើរទៅប្រទេសក្នុងទ្វីបអាហ្វ្រិកខាងត្បូងរួមមាន បុតស្វាណា ស៊ីមបាវេ ណាមីប៊ី ឡឺសូតូ អេស្វាទីនី ម៉ូសំប៊ិក និងម៉ាឡាវី ក្រោយអូមីក្រុងត្រូវបានគេរកឃើញ៕