ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានលើកឡើងអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២៩៤ ៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៧៥ ៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧១០នាក់។
ក្នុងនោះ ខេត្តព្រះសីហនុ ភ្ញៀវទេសចរដើរកម្សាន្តច្រើនជាងគេ គឺ ៥៩.៤០៣ នាក់។ ដោយឡែកខេត្តមួយចំនួនទៀតដូចជា ខេត្តកំពតមានភ្ញៀវទេសចរ ៣៧.៧៤៧ នាក់, ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់, ខេត្តសៀមរាប ២៨.១៣៨ នាក់, រាជធានីភ្នំពេញ ២៤.៦៥២ នាក់, ខេត្តពោធិ៍សាត់ ១៦.៤៦៩ នាក់, ខេត្តកំពង់ស្ពឺ ១៤.២៤៩ នាក់, ខេត្តកែប ១៣.៤៤៤ នាក់។
គួរបញ្ជាក់ថាតួលេខខាងលើមានការកើនឡើងប្រមាណ ៧.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ បើតាមការពិនិត្យជាក់ស្តែងចុងសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ រីឯបងប្អូនកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺមួយចំនួនបានជួបជុំហូបចុកជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។
ដោយឡែកមន្រ្តីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះ បោះឆ្នោតនិង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ៕