អង្គការ WWF៖ ការស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា គឺជាគោលដៅអភិរក្សរយៈពេលវែង - TrueID

អង្គការ WWF៖ ការស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា គឺជាគោលដៅអភិរក្សរយៈពេលវែង

July 30, 2022

ភ្នំពេញ៖ ក្នុងទិវាសត្វខ្លាធំពិភពលោកអង្គការ WWF បានលើកឡើងថា ការស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជាមកក្នុងដែនជម្រកដែលខ្លាធំធ្លាប់រស់នៅគឺតំបន់ទេសភាពខ្ពង់រាបភាគខាងកើតពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។

ការស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា គឺជាគោលដៅអភិរក្សរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងបរិស្ថាន អង្គការWWF ក៏ដូចជាដៃគូពាក់ព័ន្ធ។កិច្ចការងារនេះរួមបញ្ចូលទាំងការស្តារប្រភេទសត្វដែលជាចំណីរបស់សត្វខ្លាធំ(សត្វរំពារ)ការរៀបចំឲ្យមានលក្ខខណ្ឌអេកូឡូស៊ីនិងទីជម្រកសមស្របដើម្បីគាំទ្រការអនុវត្តផែនការស្តារសត្វខ្លាធំនាពេលអនាគត។ នេះបើតាមសេចក្ដីប្រកាសរបស់អង្គការ WWF ប្រចាំនៅកម្ពុជា។

អង្គការ WWF បានឱ្យដឹងទៀតថា នៅកម្ពុជាសត្វខ្លាធំចុងក្រោយត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីឆ្នាំ២០០៧នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០១៦អ្នកវិទ្យាសាស្រ្តបានប្រកាសថា សត្វខ្លាធំត្រូវបានផុតពូជពីព្រៃធម្មជាតិនៃកម្ពុជា។

សត្វខ្លាធំ​ជា​ប្រភេទមំសាសី អម្បូរខ្លា ដែល​ជិត​ផុត​ពូជ​បំផុត​ក្នុង​ពិភពលោកហើយវាមួយមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីទាំងសម្រាប់ការអាស្រ័យរបស់សត្វព្រៃដទៃ និងមនុស្សផងដែរ។  ក្នុងនោះរួមបញ្ចូលទាំងការការពារព្រៃឈើដែលជួយការពារគ្រោះរាំងស្ងួត កាត់បន្ថយទឹកជំនន់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ 

សត្វខ្លាធំគឺជាប្រភេទសត្វព្រៃតំណាងឲ្យតំបន់ការពារ ដែលត្រូវការដែនដីធំនិងមានភាពចម្រុះក្នុងការរស់នៅ ហើយដោយមិនមានការរំខានពីមនុស្ស។ការស្តារសត្វខ្លាធំដែលជាប្រភេទសត្វនិមិត្តរូប និងជាសូចនាករកំណត់នូវគំរូមួយនៃរបៀបដែលយើងនឹងពិចារណាពីអាទិភាពក្នុងការពង្រឹងសុខភាពរបស់ធម្មជាតិក្នុងការអភិវឌ្ឍន៍សកលលោកនិងក្នុងបរិបទនៃការផ្លាស់ប្តូរអាកាសធាតុនាពេលខាងមុខ៕

ប្រភព៖ អង្គការ WWF

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...