អង់គ្លេសៈ ជាអ្នកគាំទ្រទម្រង់លេង និងធ្លាប់ជាកូនសិស្សរបស់លោក Jose Mourinho នេះជារឿងសម្ងាត់ ២ យ៉ាង ដែលលោក Mikel Arteta បានថ្លែងប្រាប់កាសែត Sky Sports មុនការប្រកួតចូលមកដល់ក្នុងរាត្រីនេះ។
អ្នកចាត់ការទូទៅមានបទពិសោធន៍ថ្មីថ្មោងលោក Mikel Arteta ដែលទទួលបានឱកាសមកដឹកនាំក្លិប Arsenal បានបង្ហើបឲ្យដឹងថា គាត់ចូលចិត្តសិក្សាអំពីទម្រង់លេងរបស់លោក Jose Mourinho តាំងពីដើមមក សូម្បីតែវីដេអូឯកសារ ដែលបានផលិតឡើងកាលពីឆ្នាំកន្លងទៅមួយឈ្មោះថា " All or Nothing " ដែលលើកឡើងពាក់ព័ន្ធពីការចូលមកដឹកនាំក្លិប Tottenham Hotspur ជំនួសតំណែងលោក Mauricio Pochettino ក៏រូបលោកបានសារភាពធ្លាប់ទស្សនាពេញផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍បុរសសញ្ជាតិអេស្ប៉ាញខាងលើបានលើកឡើងថាៈ ៉ខ្ញុំពិតជាពេញចិត្តវីឌីអូឯកសាររបស់គាត់ (Jose Mourinho) ! វាគឺជាដំណើររឿងដ៏អស្ចារ្យមួយរបស់គាត់ ដែលបានជួយឲ្យ Tottenham Hotspur ជោគជ័យដូចពេលនេះ។ ៉
បន្ថែមពីរឿងរ៉ាវខាងលើ រឿងសម្ងាត់ទី ២ ប៉ុន្តែមានប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ដឹងមកហើយនោះគឺពួកគេទាំងទ្វេ ធ្លាប់ធ្វើការជាមួយគ្នាក្នុងនាមជាកូនសិស្ស និងគ្រូបង្វឹកផងដែរ ពោលគឺនៅចន្លោះឆ្នាំ ១៩៩៩ ដែលគ្រានោះបុរសរហស្សនាម The Special One ទើបចាប់ផ្តើមអាជីពជាគ្រូបង្វឹកថ្មីថ្មោងនៅក្លិប FC Barcelona ឈុត B ហើយក៏ជាពេលវេលារបស់លោក Mikel Arteta ចាប់ផ្តើមលេងនៅទីនោះដូចគ្នា។
ក្រៅពីលោក Jose Mourinho ចំពោះលោក Pep Guardiola គ្រូបង្វឹករបស់ក្លិបមេឃខៀវ Manchester City ក៏ជានិមិត្តរូបមួយ ដល់លោក Mikel Arteta ក្នុងការរៀនសូត្រអំពីរូបមន្តដឹកនាំដូចគ្នា ព្រោះកន្លងមកពួកគេក៏ធ្លាប់ធ្វើការជាមួយគ្នា។
គួរបញ្ជាក់ថា ក្លិបកាំភ្លើងធំ Arsenal នឹងធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះក្លិបមាន់ខ្នាយ Tottenham Hotspur សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី ១១ នៃក្របខណ្ឌលីគកំពូលអង់គ្លេស ក្នុងរាត្រីនេះវេលាម៉ោង ១១ៈ៣០ នាទីយប់ (ម៉ោងនៅកម្ពុជា) ៕