យល់ដឹង៖ តើអ្នកធ្លាប់បានសង្កេតមើលខ្លួនឯងទេថាខ្លួនឯងលង់ស្រលាញ់គេ ប៉ុន្តែបែរជាមិនដឹងថាគេមានអារម្មណ៍ដូចគ្នាដែរឬអត់? អ្នកព្យាយាមរកវិធីយ៉ាងណា ដើម្បីឱ្យគេសារភាពអារម្មណ៍របស់គេមកលើខ្លួន។មុននឹងឱ្យខ្លួនឯងលង់ចិត្តជាងនេះ អ្នកគួរតែរកវិធីសាស្រ្តណា ដែលល្អដើម្បីឱ្យគេបានបញ្ចេញនូវអារម្មណ៍របស់គេមកលើយើងកុំឱ្យយើងចេះតែគិតម្នាក់ឯងនោះ។
មនុស្សប្រុស គឺជាមនុស្សដែលស្មុគស្មាញខ្លាំងណាស់ មិនដឹងថាចិត្តគេកំពុងតែគិតពីអីហើយពេលខ្លះគេក៏ធ្វើល្អដាក់យើង ហើយពេលខ្លះទៀតគេក៏ព្រងើយកន្តើយដាក់យើងទៀត។អ្នកត្រូវតែព្យាយាមរកឱ្យឃើញនូវចម្លើយដែលគេមានយ៉ាងណាមកលើយើង ជៀសវាងការខកចិត្តជាមុន។
តាមរយៈការអនុវត្តនិងការសាកល្បងនានារ បស់មនុស្សស្រីមួយចំនួនដែលបានឆ្លងកាត់មកនោះវាបានធ្វើឱ្យពួកគេទទួលបាននូវចម្លើយមួយ ទោះបីជាពេលខ្លះលទ្ធផលដែលពួកគេទទួលបានវាអាចនឹងអវិជ្ជមានឬវិជ្ជមានក៏ដោយ យ៉ាងហោចណាស់ក៏ពួកគេមិនចាំបាច់ត្រូវគិតម្នាក់ឯងទៀត ហើយមិនធ្វើឱ្យពួកគេលង់ជ្រៅជាងនេះទៀត។តែប្រសិនបើលទ្ធផលវិជ្ជមាន វាក៏ជារឿងល្អមួយខ្លាំងដែរ ព្រោះថាមនុស្សដែលយើងស្រលាញ់គេក៏ស្រលាញ់យើងដែរ។
មានវិធីសាស្រ្តសាមញ្ញៗទាំង៦នេះដែលអាចជួយឱ្យមនុស្សប្រុសដែលយើងស្រលាញ់គេសារភាពនូវអារម្មណ៍របស់គេចំពោះយើង៖
១. ការបង្ហាញតាមរយៈកាយវិការរបស់គេ
កាយវិការរបស់មនុស្សប្រុសគឺជារឿងដែលសំខាន់មួយ ដែលការយកចិត្តទុកដាក់ និងព្រួយបារម្ភមកលើមនុស្សស្រីដូចជាពួកយើងនេះច្បាស់ណាស់នឹងចាប់អារម្មណ៍ ទៅលើមនុស្សប្រុសម្នាក់នោះជាក់ជាមិនខាន។ ទាំងនោះហើយដែលគេកំពុងតែព្យាយាមយកចិត្តអ្នក តាមរយៈការយកចិត្តទុកដាក់មកលើយើង ដើម្បីទទួលបានការចាប់អារម្មណ៍ពីយើង។
២. បង្ហាញអាកប្បកិរិយាអ្នកឱ្យគេបានដឹង
វិធីដ៏ល្អមួយដែលអាចធ្វើឱ្យគេចិត្តទន់ និងហ៊ានប្រាប់ពីអារម្មណ៍ដែលគេមានចំពោះអ្នកនោះ គឺអ្នកត្រូវតែបង្ហាញឱ្យគេដឹងថាអ្នកក៏ចាប់អារម្មណ៍លើគេដែរ។ ដូច្នេះហើយគេនឹងគិតថាអ្នកក៏បានចាប់អារម្មណ៍លើគេដែរ អញ្ជឹងហើយគេនឹងយកភាពក្លាហានរបស់គេ ទាំងប៉ុន្មានមកសារភាពនូវអារម្មណ៍របស់គេដែលមានចំពោះអ្នកជាមិនខាន។
៣. ស្និទ្ធស្នាលជាមួយអ្នកផ្សេងនៅពីមុខគេ
អ្នកគួរតែស្និទ្ធស្នាលជាមួយអ្នកផ្សេងនៅពេលដែលគេនៅជិតអ្នក។ អ្នកអាចស្និទ្ធស្នាលជាមួយមិត្តភក្តិជាមនុស្សប្រុសរបស់អ្នកជាដើម ដើម្បីចង់ដឹងនូវអារម្មណ៍របស់គេយ៉ាងណានៅពេលដែលគេឃើញអ្នកស្និទ្ធស្នាលជាមួយអ្នកផ្សេងដែលមិនមែនជារូបគេនិងអ្នក។ នៅពេលនោះប្រសិនបើជាគេស្រលាញ់អ្នក គេនឹងសារភាពប្រាប់អ្នកតែម្តងថាគេស្រលាញ់អ្នក ព្រោះតែគេខ្លាចអ្នកបានទៅអ្នកផ្សេងបាត់។
៤.បង្ហាញការចាប់អារម្មណ៍អ្វីមួយដែលគេធ្វើឱ្យអ្នក
វិធីសាស្រ្តមួយទៀតនោះគឺអ្នកត្រូវបង្ហាញឱ្យគេដឹងថាអ្នកចាប់អារម្មណ៍នូវអ្វីដែលគេកំពុងធ្វើឱ្យអ្នក។ ដូចជាគេជូនការដូអ្វីមួយដល់អ្នកហើយបន្ទាប់មកអ្នកក៏បង្ហោះរូបភាពថ្លែងអំណរគុណនៅក្នុងប្រពន្ធ័បណ្តាញសង្គមអីជាដើម នៅពេលនោះគេនឹងមានជំនឿចិត្តក្នុងការសារភាពស្នេហ៍ប្រាប់អ្នក។
៥. កុំធ្វើឱ្យការសន្មត់របស់អ្នកមានបញ្ហាចំពោះអ្នកនឹងគេ
ពេលខ្លះយើងសន្មតថាគេស្រលាញ់យើង ហើយក៏ទៅនិយាយរឿងនេះជាមួយគេទាំងដែលគេមិនទាន់បានត្រៀមខ្លួននៅឡើយថានឹងនិយាយប្រាប់ថាស្រលាញ់យើងព្រោះតែពេលខ្លះគេចង់ឱ្យទំនាក់ទំនងដែលមានក្នុងនាមជាមិត្តនោះកាន់តែយល់ចិត្តគ្នាសិន។ ដូច្នេះអ្នកមិនចាំបាច់ត្រូវតែចង់ដឹងពីអារម្មណ៍របស់គេឱ្យបានលឿននោះទេ ព្រោះថាបើដល់ពេលវេលានោះគេនឹងសារភាពនូវអារម្មណ៍របស់គេដែលមានមកលើយើងជាក់ជាមិនខាន។
៦. សួរគេដោយផ្ទាល់មាត់
ប្រសិនបើវិធីខាងលើនេះវាមិនអាចដំណើរការឬអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេលយូរមកហើយ តែគេនៅតែមិនហ៊ានសារភាពនូវអ្វីដែលគេកំពុងគិតនោះអ្នកអាចសួរគេដោយផ្ទាល់មាត់ថា តើគេកំពុងគិតអ្វីមកលើអ្នក? នៅពេលនោះបើសិនជាចម្លើយដែលទទួលបានបែបណានោះ អ្នកក៏អ្នកគួរតែទទួលទៅព្រោះថាគ្រាន់បើជាងនៅរង់ចាំការសារភាពរបស់គេទាំងមិនបានដឹងពីអារម្មណ៍របស់គេច្បាស់។ហើយប្រសិនបើគេនៅតែមិនផ្តល់ចម្លើយទេនោះ អ្នកក៏គួរតែបោះបង់ឳកាសដែលឱ្យគេនោះទៅ។ ម្យ៉ាងអ្នកក៏គួរតែឈប់គិតពីរឿងនេះទៀតហើយបើកចិត្តទទួលយកអ្នកផ្សេង៕