ស្កុតឡែន៖ យោងទៅតាមសេចក្តីប្រកាសផ្លូវការរបស់ក្លិបជើងឯកលីគកំពូលស្កុតឡែន កំណត់ត្រា ៥១ សម័យកាល Celtic FC បានបង្ហាញឲ្យដឹងអំពីការលាលែងពីតំណែងរបស់លោក Peter Lawwell នាយកប្រតិបត្តិក្លិប ក្រោយពីរូបលោកបានកាន់តំណែងនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ។
តាមការបញ្ជាក់ពីប្រភពខាងលើ បុរសវ័យ ៦១ ឆ្នាំរូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីនាយកប្រតិបត្តិក្លិប Celtic FC នៅដំណាច់រដូវកាល ២០២០/២០២១ នេះតែម្តង ខណៈរូបគាត់បានចូលមកកាន់តំណែងតាំងពីឆ្នាំ ២០០៣ ។
ក្នុងរជ្ជកាលរបស់លោក Peter Lawwell បានជួយជ្រោមជ្រែងឲ្យក្លិបបានឈ្នះពានរង្វាន់ផ្លូវការសរុប ២៩ ពាន ក្នុងនោះរួមទាំងលីគកំពូលស្កុតឡែន ១៣ សម័យកាលផងដែរ។
បើគិតពីដើមទីមករូបគាត់បានចូលមកធ្វើការនៅក្លិប Celtic FC ដំបូងបំផុតនៅឆ្នាំ ១៩៩០ មកម្ល៉េះក្នុងនាមជាបុគ្គលិកផ្នែកហិរញ្ញវត្ថុ មុនបន្តអភិវឌ្ឍន៍ខ្លួនរហូតបានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ ២០០៣ មកទល់បច្ចុប្បន្ន។ ក្រៅពីនេះ គាត់ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់ស្កុតឡែនរួមផង៕