កម្សាន្ត៖ នំចាក់ចុល គឺជានំរបស់ខ្មែរយើងពីបុរាណដែលមានរសជាតិផ្អែមល្មមកាលពីដើមនំនេះមានឈ្មោះថា នំចាក់ឆុល ដែលប្រជាជនខ្មែរយើង ហៅតាមសម្លេង នៅពេលដែលយើងចាក់ម្សៅនំចូលគឺវាពុះឆុលនៅក្នុងឆ្នាំងខ្ទះតែម្ដងក្រោយមកពាក្យនេះក៏ត្រូវបានប្ដូរទៅជា នំចាក់ចុល ដោយយោងទៅតាមពាក្យនិយាយរបស់យើងវិញ។ វាមានលក្ខណៈងាយស្រួលក្នុងការធ្វើដោយផ្អែកតាមរូបមន្តខាងក្រោម៖
គ្រឿងផ្សំ៖
១. ម្សៅអង្ករខ្សាយ ២៥០ក្រាម
២. ម្សៅដំណើប ១០០ក្រាម
៣. ស្ករត្នោត ១០០ក្រាម
៤. ស្ករស ២៥ក្រាម
៥. ខ្ទិះដូង ១៥០មីលីលីត្រ
៦. ទឹក ១៥០មីលីលីត្រ
៧. ពងមាន់ ១គ្រាប់
៨. អំបិល ១ស្លាបព្រាកាហ្វេ
៩. វ៉ានីឡា ១ស្លាបព្រាកាហ្វេ ( មិនបាច់ដាក់ក៏បាន)
របៀបធ្វើ៖
១. យើងត្រូវលាយគ្រឿងស្ងួតជាមុនសិន គឺចាក់ម្សៅអង្ករខ្សាយនិងម្សៅអង្ករដំណើបចូលក្នុងចានធំមួយដាក់អំបិល ស្ករស និងស្ករត្នោត រួចហើយយើងត្រូវកូរវាឲ្យសព្វ។
២. ចំពោះគ្រឿងទឹក យើងចាក់ខ្ទិះដូងដាក់ក្នុងចានមួយចាក់ទឹកវ៉ានីឡាចូល បន្ទាប់មកគោះពងទាមួយគ្រាប់ចូលហើយវាយវាឲ្យម៉ត់ល្អ។
៣. ចាក់គ្រឿងទឹកដែលយើងបានធ្វើរួចនោះចូលក្នុងចានគ្រឿងស្ងួតហើយកូរវាបណ្តើរៗដោយចាក់ទឹកចូលម្ដងបន្តិចដើម្បីកូរវាឲ្យបានសព្វចូលគ្នាល្អ ។ ពេលកូរវាសព្វហើយយើងត្រូវយកថង់ផ្លាស្ទីកឬក្រណាត់មកគ្របវាទុករយៈពេល៦ម៉ោង ឬ១យប់ដើម្បីឲ្យម្សៅឡើងបានល្អ។
៤. យកខ្ទះដែលគេប្រើសម្រាប់ឆាយកមកដាក់ខ្លាញ់ល្មមហើយបើកភ្លើងឲ្យក្ដៅ ។
៥. ពេលខ្លាញ់ក្ដៅល្មមហើយ ចាក់ម្សៅនំដោយវាស់ក្នុងកូនពែងមួយចូលក្នុងខ្ទះបំពងនៅពេលនំឡើងក្រហមទាំងសងហើយខាងនោះ យើងនឹងទទួលបាន នំចាក់ចុល ដ៏ឈ្ងុយឆ្ងាញ់៕