សិង្ហបុរីៈ ក្របខណ្ឌលីគកំពូលសិង្ហបុរី (Singapore Premier League) រដូវកាល ២០២០ ទីបំផុតបានស្វែងរកឃើញម្ចាស់ជើងឯកជាផ្លូវការបានទៅលើក្លិប Albirex Niigata FC ក្រោយបញ្ចប់ការប្រកួតសរុប ១៤ សប្តាហ៍កន្លងមក។
ក្នុងការប្រកួតសប្តាហ៍ចុងក្រោយនៃក្របខណ្ឌលីគកំពូលកូនប្រទេសខាងលើ ក្លិប Hougang United ក្នុងនាមជាម្ចាស់ផ្ទះបានចាញ់ Albirex Niigata FC ដោយលទ្ធផល ០ ទល់ ១ ខណៈក្លិបដែលរំពឹងប្រជែងជើងឯក Tampines Rovers FC បានភ្លាត់ស្មើរជាមួយ Geylang International FC ក្នុងលទ្ធផល ១ ទល់ ១ ។
តាមរយៈលទ្ធផលខាងលើនេះបានសម្រេចជាផ្លូវការដល់ក្លិប Albirex Niigata FC គ្រងតំណែងជើងឯករបស់ខ្លួនជាលើកទី ៤ ក្នុងប្រវត្តិសាស្ត្រលីគ ខណៈក្នុងរដូវកាលនេះបានលេង ១៤ សប្តាហ៍ យកឈ្នះ ១០ លើក ស្មើរ ២ លើក និងចាញ់តែ ២ លើកប៉ុណ្ណោះ មានសរុប ៣២ ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខរៀងទី ២ គឺក្លិប Tampines Rovers FC ឈ្នះ ៨ លើក ស្មើរ ៥ លើក និងចាញ់ ១ លើក មានត្រឹម ២៩ ពិន្ទុ។
គួរបញ្ជាក់ផងថា ដ្បិតទទួលបានតំណែងជើងឯកក្តី ប៉ុន្តែចំពោះក្លិប Albirex Niigata FC ពុំទទួលសិទ្ធិលេងក្នុងក្របខណ្ឌកម្រិតទ្វីបនោះឡើយ ដោយសារមូលហេតុជាក្លិបបរទេសនៅសិង្ហបុរី (សម្ព័ន្ធក្លិបធំនៅលីគលំដាប់ទី២ ជប៉ុន) ។
ចំពោះក្លិប Timpines Rovers FC ដែលឈរចំណាត់ថ្នាក់ជើងឯករករដូវកាល ២០២០ នឹងទទួលបានសិទ្ធិលេងជម្រុះទៅកាន់កៅអីក្នុងពូលនៃពានរង្វាន់ AFC Champions League ខណៈក្លិប ២ ទៀតរួមមាន Lion City Sailors FC និងក្លិប Geylang International FC ទទួលបានកៅអីវគ្គចែកពូលក្នុងពានកម្រិតទ្វីបលំដាប់ទី២ AFC Cup ៕