ហុងកុង៖ ដោយមានសេចក្តីស្រឡាញ់ចំពោះប្រទេសជប៉ុននិងវប្បធម៌របស់ប្រទេសនេះតារាសម្ដែងហុងកុងអ្នកនាងYoyoMung និងលោក Ekin Cheng ដែលជាស្វាមីបានចំណាយពេលវេលាកើនឡើងជាលំដាប់នៅទីនោះ។ប្តីប្រពន្ធមួយគូនេះបានរៀបចំពិធីមង្គលការរបស់ពួកគេនៅទីក្រុងតូក្យូក្នុងឆ្នាំ ២០១៣ហើយពួកគេបានទិញផ្ទះនៅទីនោះមុនពេលជំងឺរាតត្បាតបានចាប់ផ្តើម ដោយពួកគេមានចេតនាចង់ប្រើជិវិតរស់នៅពេលចូលនិវត្តន៍របស់ពួកគេនៅប្រទេសជប៉ុន។ក្រោយពីឃ្លាតឆ្ងាយបន្តិចម្តងៗពីការងារសម្តែង Yoyo បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងនៅទីក្រុងFukuoka ប្រទេសជប៉ុនកាលពីឆ្នាំមុន។
ដោយមានការគាំទ្រពីលោកEkinដែលជាស្វាមីដោយការវិនិយោគប្រាក់រាប់លានដុល្លារផងនោះក្រុមហ៊ុនអចលនទ្រព្យរបស់ Yoyo ផ្តល់ជូននូវសេវាកម្មយ៉ាងពេញលេញរួមមាន៖ ការគ្រប់គ្រងអចលនទ្រព្យ, ការធ្វើអន្តោប្រវេសន៍និងការពិគ្រោះយោបល់លើផ្នែកអប់រំ។ ដើម្បីបំពេញតម្រូវការដល់ប្រជាជនហុងកុងដែលចាប់អារម្មណ៍ក្នុងការតាំងទីលំនៅនៅទីក្រុង Fukuoka ការពិគ្រោះយោបល់ក៏ត្រូវបានផ្តល់ជូនជាភាសាចិនកាតាំងផងដែរ។
ការជ្រើសរើសទីក្រុងFukuoka ជាទីតាំងសំខាន់សម្រាប់ក្រុមហ៊ុនរបស់នាង Yoyo បានពន្យល់ថាហេតុផលនៅពីក្រោយវាយ៉ាងសាមញ្ញបំផុតគឺ Fukuoka គឺជាកន្លែងវិស្សមកាលដែលនាងចូលចិត្តបំផុត។ នាងបាននិយាយថា "ខ្ញុំជឿជាក់ថាវានឹងមានសក្តានុពលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៅទីនេះ។ខ្ញុំពិតជារីករាយក្នុងការចែករំលែកនិងផ្លាស់ប្តូរព័ត៌មានតាមរយៈវេទិកាអនឡាញ។សូមអរគុណចំពោះការចាប់អារម្មណ៍និងការគាំទ្ររបស់អ្នករាល់គ្នា!”
បន្ទាប់ពីប្រតិបត្ដិការអស់រយៈពេលមួយឆ្នាំមកអាជីវកម្មនេះកំពុងស្ថិតក្នុងសភាពល្អប្រសើរទោះបីជាមានបញ្ហាប្រឈមនៃជំងឺរាតត្បាតយ៉ាងណាក្ដី។ទោះយ៉ាងណា Yoyo ជឿជាក់លើការបង្កើនអតិថិជនថ្មីរបស់ខ្លួនជាបន្តបន្ទាប់ដោយផ្សព្វផ្សាយសេវាកម្មរបស់ក្រុមហ៊ុន។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ចិន Yoyo ក៏បានចែកនាមប័ណ្ណជំនួញដល់ក្រុមគ្រួសារនិងមិត្តភក្តិដោយភ្ជាប់ជាមួយនឹងកាដូរក្នុងថ្ងៃឈប់សម្រាកផងដែរ។ចំពោះការផ្សព្វផ្សាយពីជំនួញរបស់នាងនៅលើបណ្តាញសង្គមវិញ Yoyo បានចែករំលែកយ៉ាងសកម្មនូវអាហារដែលនាងចូលចិត្តនិងអាហារសម្រន់នានាពីទីក្រុងFukuoka ក៏ដូចជាការសម្ភាសន៍ជាមួយអ្នកស្រុកក្នុងតំបន់ផងដែរ។
ទោះបីជា Yoyo មានក្រុមហ៊ុនថ្មីក៏ដោយក៏នាងនិងស្វាមីរំពឹងថានឹងចែកពេលវេលាស្នាក់នៅទាំងក្នុងប្រទេសជប៉ុននិងហុងកុងព្រោះប្តីប្រពន្ធមួយគូនេះទើបតែសាងសង់ផ្ទះតម្លៃ ១០ លានដុល្លារហុងកុងនៅ Yuen Long កាលពីរដូវក្តៅមុន៕
ប្រភព៖ Jayne Stars