កម្សាន្ត៖ ភាគច្រើនគេពេញនិយមចូលចិត្តមើលកម្មវិធីញុំាម្ហូបដែលគេស្គាល់ថាអេអេសអិមអរ មុកបាង ASMR Mukbang ដែលអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ទស្សនាតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃឈ្មោះថាយូធូប YouTube។ កម្មវិធីមួយនេះពិតជាល្បីល្បាញខ្លាំងមែនទែនមានអ្នកទស្សនារហូតទៅដល់រាប់លាននាក់ដែលវាជាកម្មវិធីកម្សាន្តអារម្មណ៍តាមរយៈការញុំាម្ហូបគួរឲ្យឆ្ងាញ់ច្រើនមុខ ដែលគេហៅថាមុកបាង Mukbang ។
ម្ហូបទាំងនេះមានដូចជាភ្លៅមាន់បំពងមីរសជាតិឈីស ស៊ុបគីមឈី ប្រហិតឈឹងបែបកូរ៉េជាដើមដែលគេយកមកញុំាជាមួយគ្នាក្នុងពេលតែមួយ ហើយម្ហូបទាំងនេះដែរពួកគេធ្វើខ្លួនឯងទៅតាមចំណូលចិត្តរៀងៗខ្លួន។ ដោយឃើញថា ម្ហូបទាំងនេះទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាយ៉ាងច្រើនជាមួយនឹងមុខម្ហូបដ៏គួរឲ្យឆ្ងាញ់ហើយវាមិនមានលក់នៅលើទីផ្សារនោះ សាកធ្វើម្ហូប មុកបាង Mukbang ដើម្បីភ្លក់រសជាតិតាមវិធីខាងក្រោម៖
ម្ហូបទី១ ស៊ុបគីមឈី៖
គ្រឿងផ្សំ៖
១. គីមឈី
២. សាច់ត្រីធូណាកំប៉ុង
៣. ស្ករស
របៀបធ្វើ៖
· ហាន់គីមឈីចេញជាដុំខ្លីល្មមដាក់ក្នុងកូនឆ្នាំងមួយហើយដាក់ទឹកមួយកូនកែវ ដាក់ស្ករតាមដែលចង់បាន គាស់ត្រីធូណាកំប៉ុងចាក់ចូល។បន្ទាប់មកបើកភ្លើងទុកវារហូតដល់ពុះហើយឡើងចេញ។
ម្ហូបទី២ ប្រហិតសាច់ក្រកឈឹង
គ្រឿងផ្សំ៖
១. ប្រហិតសាច់ក្រកឬប្រហិតអីក៏បានតាមដែលចង់ញុំា
២. ផ្កាខាត់ណាបៃតង ការ៉ុត
៣. ខ្ទឹមស ខ្ទឹមបារាំង
៤. ទឹកម្ទេសទឹកប៉េងប៉ោះ ទឹកគីមបួយ ប្រេងខ្យង ទឹកជ្រលក់កូរ៉េ
របៀបធ្វើ៖
· ហានបន្លែខាត់ណាបៃតងការ៉ុត និងប្រហិតដាក់ចានត្រៀមមួយឡែក។
· លាយទឹកជ្រលក់ដោយដាក់ចានក្រឡុកមួយដាក់ទឹកម្ទេស ទឹកប៉េងប៉ោះ ទឹកគីមបួយ ប្រេងខ្យង ទឹកជ្រលក់កូរ៉េចូលហើយលាយវាចូលគ្នា។
· ដាក់ខ្ទះបំពងខ្ទឹមសឲ្យឈ្ងុយហើយដាក់ខ្ទឹមបារាំង ការ៉ុតនិងប្រហិតចូលលីងត្រឡប់ចុះត្រឡប់ឡើងឲ្យប្រហិតរៀនឆ្អិនបន្តិចដាក់ទឹកជ្រលក់និងផ្កាខាត់ណាចូល ឆាចូលគ្នាឲ្យសព្វទុកដល់ឆ្អិនដួសដាក់ចាន។
ម្ហូបទី៣ ប្រហិតត្រីលីង
គ្រឿងផ្សំ៖
១. ប្រហិតត្រី
២. ផ្កាខាត់ណាបៃតង ការ៉ុត ខ្ទឹមខ្យល់ ម្ទេសប្លោក
៣. ម្ទេសក្រៀមម៉ត់ ខ្ទឹមសម៉ត់ ស្ករស ទឹកស៊ីអីវ ទឹកជ្រលក់កូរ៉េ
៤. ប្រេងល្ង ល្ង
របៀបធ្វើ៖
· យកប្រហិតត្រីហាន់ជាដុំល្មមហាន់បន្លែការ៉ុត ខ្ទឹមខ្យល់ ខ្ទឹមបារាំង ផ្កាខាត់ណា។
· លាយគ្រឿងដោយដាក់ទឹកស៊ីអីវ ម្ទេសក្រៀមម៉ត់ ខ្ទឹមសម៉ត់ ទឹកជ្រលក់កូរ៉េ ស្ករសកូរចូលគ្នា ថែមទឹកបន្តិចហើយកូរវាឲ្យសព្វ។
· ដាក់បន្លែទាំងអស់និងប្រហិតត្រីលីងក្នុងខ្ទះដោយបើកភ្លើងតិចៗលីងចុះឡើងហើយដាក់គ្រឿងដែលលាយនោះចូល លីងវារហូតដល់ចូលជាតិឆ្អិនហើយ ដាក់ប្រេងល្ងចូលបន្តិចនិងរោយល្ងពីលើរួចរាល់។
ម្ហូបទី ៤ មីរសជាតិឈីស
ចំពោះមីឈីសមួយមុខនេះ យើងអាចស្រុះមីហើយដាក់ញុំាក្នុងស៊ុបគីមឈីឬប្រហិតលីង ហើយបន្ថែមឈីសពីលើជាការស្រេច។
ម្ហូបទី៥ គីមបាប់
គ្រឿងផ្សំ(អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត)៖
· បាយក្នុងបរិមាណល្មម
· ដើមស្ពីណាត (spinach)
· ល្ង
· Sesame leaves
· សាច់ធូណាកំប៉ុង
· Cheddar cheese
· ពងមាន់
· សារាយរុំបាយ
· សាច់ក្ដាម
· ប្រហិតត្រី
· Ham
· Burdock
· ជ្រក់ឆៃថាវ
· ត្រសក់
· ការ៉ុត
របៀបធ្វើ៖
១. យើងត្រូវត្រៀមគ្រឿងផ្សំទុកមុនដូចជា លាយគ្រឿងសម្រាប់ចៀនពងមាន់ទុកមួយឡែក។ ដាំទឹកស្រុះ Spinach ដាក់អំបិលបន្តិច ទុកវាប្រហែល ៣០វិនាទី ហើយស្រង់ចេញ រួចដាក់អំបិលល្ងនិងប្រេងអូលីវ រោយពីលើ ហើយច្របល់ឲ្យសព្វ រួចទុកមួយឡែក ។
២. ហាន់ត្រសក់ជាបណ្ដោយ យកគ្រាប់ចេញ រួចហាន់វាជាចំណិតៗស្ដើងៗ ដាក់ចូលក្នុងចាន រួចដាក់ទឹកនិងអំបិលបន្តិចទុក ១៥ នាទី ដើម្បីឲ្យវាចូលជាតិ ។
៣. ហែកសាច់ក្តាមជាបណ្ដោយស្ដើងៗ ហាន់ប្រហិតត្រីបណ្ដោយស្ដើងៗ កាត់Hamជាចំណិតៗ ហាន់ការ៉ុត burdock និង ជ្រក់ឆៃថាវ ជាសរសៃរឆ្មាៗ ដាក់ទឹក ម៉ាយូនេស លាយជាមួយសាច់Tuna តាមចំនួនដែលចង់បាន (ដាក់ចានផ្សេងៗគ្នាទាំងអស់) ។
៤. រួចយកគ្រឿងមួយចំនួន ទៅចម្អិន ដូចជា មុនដំបូង ចៀនពងមាន់ជាបន្ទះស្តើងហើយកាត់វាជាសរសៃរឆ្មាៗ។ ចៀន Ham ជាមួយនិងប្រេងអូលីវចៀនប្រហិតដាក់ទឹកស៊ីអីវ១ស្លាបព្រាកាហ្វេ ចៀនការ៉ុតដាក់អំបិលបន្តិចឲ្យវាស្វិតជាការស្រេច។
៥. នៅពេលត្រៀមគ្រឿងផ្សំរួចរាល់ហើយ យើងចាប់ផ្តើមដួសបាយដាក់អំបិលលាយបន្តិច យកសារ៉ាយវេចបាយមួយបន្ទះដាក់លើជ្រុញដួសបាយល្មមឲ្យស្ដើងតាមដែលអាចធ្វើទៅបាន បន្ទាប់មកយក sesameleaves Cheddar Cheese គ្រឿងផ្សំដែលចម្អិនរួចមកតម្រៀបលើបាយ ហើយរុំវាឲ្យណែន លាបប្រេងល្ង និងរោយល្ងពីលើ ។