អង់គ្លេស៖ ក្រុមការពារជើ់ងឯក ហង្សក្រហមLiverpool បានធ្វើការស្វាគមន៍អ្នកគាំទ្រត្រឡប់មកកាន់ទឹកដីAnfield វិញ ជាលើកដំបូងតាមពីខែមីនាមក យ៉ាងកក់ក្ដៅ តាមរយៈការលត់ក្រុមភ្ញៀវ Wolverhampton Wanderersក្នុងលទ្ធផលក្រាស់ក្រែល៤ទល់នឹង០។
ក្នុងការប្រកួតនេះគិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ប៉ុណ្ណោះដែលជាការស៊ុតរបស់ខ្សែប្រយុទ្ធ Mohamed Salah ។ លុះឈានចូលដល់តង់ទី២ ទើប Liverpoolមានឱកាសបន្ថែម៣គ្រាប់ទៀតធ្វើបានតាមរយៈការស៊ុតពីលើដំបូលទូកយ៉ាងល្អ ពីសំណាក់កីឡាករ Georginio Wijnaldum នៅនាទីទី៥៨, ការតែតរបស់ Joel Matip នៅនាទីទី៦៧ និងការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារស្លាបស្ដាំក្រុមWolves កីឡាករ NelsonSemedo នៅនាទីទី៧៨។
តាមរយៈជ័យជម្នះខាងលើបានត្រឹមជួយ Liverpool បន្តឈរលេខ២នៅតារាង Premier League សប្ដាហ៍ទី១១នេះ មាន២៤ពិន្ទុ ស្មើគ្នាជាមួយក្រុមកំពូលតារាង TottenhamHotspur ដែលទើបយកឈ្នះក្រុមកាំភ្លើងធំArsenal ក្នុងដីខ្លួនឯង ២-០ កាលពីយប់មិញដែរនោះ។
គួរបញ្ជាក់ដែរថាការបើកឲ្យអ្នកគាំទ្រចូលទស្សនាវីញនោះ គឺអនុញ្ញាតឲ្យត្រឹម២ពាន់នាក់ប៉ុណ្ណោះដោយក្លិបនៅតែបន្តតាមគោលការណ៍រក្សាគម្លាតសុវត្ថិភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាមួយគ្នានេះ លទ្ធផលឈ្នះ Wolves កាលពីយប់មិញ ជាជម្នះលើកទី៣១ហើយគិតត្រឹមការក្នុងដីនៅ Premier League ៣២លើកចុងក្រោយរបស់ Liverpool ក្នុងនោះពួកគេស៊ុតបាន៩៣គ្រាប់និងរបូតចំនួន២៥គ្រាប់៕
បើចង់ឃើញស៊ុតបញ្ចូលទីល្អៗយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖