កម្សាន្ត៖គ្រឿងសមុទ្រក្រឡុក គឺជាមុខម្ហូបថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន មិនថាចាស់ក្មេងតែងតែចង់ភ្លក់នៅមុខម្ហូមមួយនេះ។ ម្ហូបមួយមុខនេះមានលក់នៅហាងមួយចំនួនតូចប៉ុណ្ណោះក្នុងទីក្រុងភ្នំពេញព្រោះវាមានគ្រឿងផ្សំនិងវិធីចម្អិនពិសេសតាមរូបមន្តថៃ។យើងនឹងបង្ហាញពីតិចនិចនៃការចម្អិន គ្រឿងសមុទ្រក្រឡុកបែបថៃ ដ៏ឈ្ងុយឆ្ងាញ់ខាងក្រោម៖
គ្រឿងផ្សំ៖
១. គ្រឿងសមុទ្រ ក្ដាមថ្ម បង្គារ មឹក(តាមចំណងចំណូលចិត្ត)
២. គ្រឿងទេស ដូចជា អំបិល ប៊ីចេង ប៊ឺទឹកប្រេងខ្យង ប្រេងល្ងរ ប្រេងសណ្ដែក ស្ករត្នោត ទឹកប៉េងបោះ ម្ទេសឆ្អើរម៉ត់ ម្ទេសហុយ
៣. ប្រហិត (ជ្រើសរើសតាមចំណូលចិត្ត)
៤. មីអ៊ីតាលី ១កញ្ចប់
៥. ទឹកដោះគោឆៅ
៦. ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំម៉ត់
៧. បន្លែ ពោត ការ៉ុត (អាចបន្ថែមបន្លែផ្សេងទៀតបាន)
របៀបធ្វើ៖
១. យើងត្រូវដាំទឹកស្រុះមីអ៊ីតាលីដោយដាក់ប្រេងខ្លាញ់ចូលក្នុងទឹកនោះ ហើយទុកមួយឡែកសិន ។ យើងអប់គ្រឿងសមុទ្រ ក្តាមថ្មបង្គារ មឹក និងបន្លែ ពោត ការ៉ុត ប្រហិតអោយបានឆ្អិនល្អសិន។
២. យើងឆាគ្រឿងផ្សំ ដោយដាក់ខ្លាញ់ និងប៊ឺចូលគ្នានៅក្នុងខ្ទះឲ្យរលាយហើយចាក់ខ្ទឹមសនិងខ្ទឹមក្រហមចូលបំពងវាឲ្យឈ្ងុយហើយដាក់ម្ទេសឆ្អើរម៉ត់ចូលលីងវា។
៣. បន្ទាប់មកទៀតយើងចាប់ផ្តើមដាក់គ្រឿងទេសជាបណ្ដើរៗមានដូចជាទឹកប្រេងល្ងរ ទឹកប្រេងខ្យង ស្ករត្នោត ស្ករស អំបិល ប៊ីចេង ទឹកប៉េងបោះនិងទឹកដោះគោស្រស់ក្រោយគេហើយកូរវារហូតដល់ពុះ ដែលវាមានរសជាតិប្រៃផ្អែមល្មមយើងអាចដាក់គ្រឿងផ្សំតាមរសជាតិដែលយើងចូលចិត្តបាន។
៤.ចុងក្រោយយើងយកគ្រឿងសមុទ្រដែលបានអប់រួចចាក់ចូលក្នុងខ្ទះច្របល់ជាមួយគ្នាឲ្យមានក្លិនឆ្ងុយហើយចាក់វាលើចានមីអ៊ីតាលីជាការស្រេច។ ធានាថាគ្រឿងសមុទ្រក្រឡុកបែបថៃ របស់លោកអ្នកមានរសជាតិជាប់ចិត្ត៕