យល់ដឹង៖ មនុស្សស្រី មុននឹងសម្រេចចិត្តថារៀបការ គួរតែគិតឱ្យបានច្បាស់លាស់ ព្រោះថាជីវិតមានគ្រួសារ វាមិនងាយស្រួលដូចជាការគិតនោះទេ។នៅពេលដែលយើងរៀបការ គឺយើងត្រូវមានទំនួលខុសត្រូវខ្ពស់ខ្លាំង ក្នុងការធ្វើជាតួនាទីប្រពន្ធក៏ដូចជាដើរតួនាទី ជាម្តាយដ៏ល្អសម្រាប់កូនៗ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តថារៀបការមនុស្សស្រីគួរតែបានធ្វើអ្វីដែលខ្លួនចង់ធ្វើឱ្យហើយ ដើម្បីជៀសវាងមានការស្តាយក្រោយ នៅថ្ងៃមុខ។
ជាក់ស្តែងក៏មានមនុស្សស្រីមួយចំនួន មានការស្តាយក្រោយ នៅពេលដែលខ្លួនបានសម្រេចចិត្តរៀបការទាំងដែលមិនទាន់បានធ្វើអ្វី ដែលខ្លួនចង់ធ្វើ លើសពីនេះ ទៅទៀត ទាំងខ្លួនឯងមិនទាន់បានត្រៀមខ្លួនរួចរាល់ ទាំងនោះហើយ វាជាហេតុផលមួយ ដែលធ្វើឱ្យមនុស្សស្រីមានវិប្បដិសារី។
ប្រសិនបើមិនចង់ស្តាយក្រោយមុនពេលរៀបការទេ មនុស្សស្រីគួរតែបានធ្វើនូវរឿងទាំងនេះ៖
១.មានបទពិសោធន៍ឱ្យបានច្រើន
មុនពេលរៀបការមនុស្សស្រីប្រសិនបើមានឱកាស គួរតែទទួលបានបទពិសោធន៍ ក្នុងការមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើនដើម្បីធ្វើឱ្យជីវិតកាន់តែគួរល្អប្រសើរជាងមុន។ ជាពិសេស បទពិសោធន៍ក្នុងរឿងស្នេហា វាក៏នឹងបង្រៀនឱ្យអ្នក ចេះការពារខ្លួនពីការខកចិត្តនិងដឹងពីអ្វី ដែលគួរធ្វើក៏ដូចជាមិនគួរធ្វើ នៅក្នុងរឿងស្នេហាផងដែរ។ មនុស្សស្រីមិនគួរមើលរំលងនោះទេ នៅពេលខ្លួនជាយុវវ័យ ហើយមានស្នេហានោះ ព្រោះថា វាកំពុងតែបង្រៀនមេរៀនមួយចំនួនដល់អ្នក។
២.ការរកលុយដោយខ្លួនឯង និងមានការងារច្បាស់លាស់
មុនពេលរៀបការ មនុស្សស្រីគួរតែមានការងារស្ថេរភាពណាមួយហើយអាចរកលុយបានដោយខ្លួនឯង នៅពេលនោះ អ្នកនឹងមានតម្លៃ នៅក្នុងគ្រួសារបន្ទាប់ពីរៀបការ។នៅពេលដែលអ្នកអាចរកលុយ បានដោយខ្លួនឯង អ្នកនឹងមិនចាំបាច់ត្រូវពឹងផ្អែក ទៅលើលុយប្តី ដូច្នេះហើយនៅពេលដែលអ្នកមានលុយ អ្នកក៏អាចធ្វើអ្វី ដែលអ្នកចង់ធ្វើបានដែរ។
៣.ការធ្វើដំណើរកម្សាន្ត និងធ្វើអ្វីដែលខ្លួនស្រលាញ់
មនុស្សស្រី មុនពេលរៀបការគួរតែធ្វើដំណើរកម្សាន្តឱ្យបានច្រើន និងបានស្គាល់ពីអ្វីៗ ឱ្យបានច្រើន លើសពីនេះ ទៅទៀត ត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ព្រោះថា នៅពេលដែលរៀបការរួចហើយ អ្នកនឹងគ្មានពេលវេលា ដើម្បីធ្វើដំណើរកម្សាន្តឬមួយក៏ធ្វើអ្វី ដែលខ្លួនស្រលាញ់បានច្រើននោះទេ ដោយសារតែ អ្នកជាប់រវល់ជាមួយនឹងភារកិច្ចជាម្តាយនិងជាប្រពន្ធ ដូច្នេះហើយ អ្វីដែលចង់ធ្វើគួរតែធ្វើឱ្យហើយ ដើម្បីកុំឱ្យមានការស្តាយក្រោយ។
៤.ចំណាយពេលវេលាជាមួយឪពុក ម្តាយ
មនុស្សស្រីពេលនៅលីវគួរតែចំណាយពេល ឱ្យបានច្រើន នៅជាមួយឪពុក ម្តាយ ព្រោះថា នៅពេលដែលអ្នករៀបការហើយអ្នកនឹងគ្មានពេលដើម្បីមើលថៃទាំ ពួកគាត់ បានច្រើននោះទេ ដោយសារតែអ្នក មានគ្រួសារផ្ទាល់ខ្លួនក្នុងការមើលថៃដូច្នេះមុននឹងអ្នក សម្រេចចិត្តថានឹងរៀបការ អ្នកគួរតែគិតពីចំណុចទាំងនេះ ឱ្យបានច្បាស់ជាមុនសិន។
៥.ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួន
មនុស្សស្រីដែលនៅលីវគឺមានឱកាសច្រើនខ្លាំងណាស់ ក្នុងការអភិវឌ្ឍខ្លួនឯង ឱ្យកាន់តែមានភាពប្រសើរជាងមុន។មុនពេលអ្នករៀបការ អ្នកត្រូវតែស្គាល់ខ្លួនឯង ឱ្យបានច្បាស់ជាមុនសិនអំពីចំណង់ចំណូលចិត្ត ក៏ដូចជាស្គាល់ខ្លួនឯង ថាជានរណា ព្រោះថា បើសូម្បីតែខ្លួនអ្នក ក៏អ្នកមិនអាចស្គាល់ពីខ្លួនឯងផងតើអ្នក អាចមានសមត្ថភាពអ្វី ទៅគ្រប់គ្រងគ្រួសារ និងមើលថែជីវិតគូបាននោះ? ដូច្នេះហើយ ខណៈពេលដែល ជីវិតអ្នកកំពុងតែនៅលីវ អ្នកគួរតែស្វែងរកខ្លួនឯង ឱ្យឃើញជាមុនសិន៕