ក្លិបចាយលុយធំ Manchester City ត្រូវបានគេរាយការណ៍ថានឹងមានគម្រោងជះលុយរហូតដល់២០០លានផោន ដើម្បីរុះរើក្នុងក្រុមនៅពេលចប់រដូវកាលនេះ ខណៈមានអតីតកីឡាករ Manchester United គឺកីឡាករ Romelu Lukaku ក៏ស្ថិតក្នុងគោលដៅរបស់អ្នកចាត់ការ Pep Guardiola ផងដែរ។
យោងតាមប្រភពពី The Telegraph បានឲ្យដឹងថា ក្រុមរបស់លោក Pep នឹងត្រូវសម្រាំងយកខ្សែប្រយុទ្ធមកថ្មី ក៏ដូចជាសម្លឹងមើលខ្សែការពារដើម្បីយកមកពង្រឹមក្រុម។ ម្យ៉ាងវិញទៀតអ្វីដែលជាការព្រួយបារម្មណ៍នោះគឺ កីឡាករតំបន់ប្រយុទ្ធចាស់វស្សារបស់ Man City កីឡាករ Sergio Aguero កំពុងតែជួបបញ្ហារបួស អូសបណ្លាយតាំងពីដើមរដូវកាលមកម្លេះ។ ហើយក្លិបនៅមានកង្វល់ក្នុងចិត្តមួយទៀតគឺ Aguero ដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេប្រចាំក្លឹបរូបនេះនឹងផុតកុងត្រាជាមួយក្លិបក្នុងរយៈពេល៦ខែខាងមុខ ខណៈមកទល់ពេលនេះកីឡាករនៅមិនទាន់មានការចរចាបន្តកុងត្រាថ្មីនៅឡើយទេ តែទោះជាយ៉ាងណា Man City នៅតែសម្លឹងមើលខ្សែប្រយុទ្ធថ្មី បើទោះជា Aguero មិនទៅណាចោល Man City ក៏ដោយ។
ប្រភពខាងលើក៏បានឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធរបស់ Inter Milan កីឡាករ Romeo Lukaku និង តារាសុតវ័យក្មេង Erling Haaland គឺកំពុងស្ថិតក្នុងគោលដៅរបស់គ្រូបង្វឹង Man City លោក Pep Guardiola ៕