ម៉ាឡេស៊ី៖ ជឿជាក់ថា ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានដឹងខ្លះៗហើយ អំពីកំណត់ត្រាពិភពលោក ឬហៅថា Guinness World Records ដែលជាការបង្កើត ឬបំបែកឯតទគ្គកម្ម ដែលប្រកបដោយសមត្ថភាពដ៏អស្ចារ្យរបស់បុគ្គលម្នាក់ៗក៏ដូចជាមនុស្សជាក្រុមជាដើម។
ដោយឡែក បើក្រឡេកទៅមើលប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏មានសមត្ថភាពមិនធម្មតាដែរ ដោយខាងក្រោមនេះគឺជាកំណត់ត្រាពិភពលោក គួរឲ្យចាប់អារម្មណ៍ទាំង ៥ ដែលពលរដ្ឋម៉ាឡេស៊ីធ្វើបាន។
កំណត់ត្រានេះ គឺជាការប្រមូលផ្ដុំមនុស្សចំនួន៤៤០នាក់ នៅក្នុងទីក្រុង Kuching ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៧។ ដោយក្នុងនោះ អ្នកចូលរួមទាំង ៤៤០នាក់ ត្រូវតម្រូវឲ្យស្លៀកពាក់ឈុតពណ៌ខ្មៅនិងការគូរមុខមាត់ដូចជាសត្វឆ្មា។
កំណត់ត្រានេះ បានបង្កើតឡើងដោយក្រុមកម្មករនៃសហគ្រាសកាត់ដេរMostwellSdn Bhd នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ដោយមានមនុស្សចំនួន៦០៦នាក់ដេរក្នុងពេលដំណាលគ្នា នៅក្នុងសាលប្រជុំ Cempaka Sari ក្នុងទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។ ហើយតាមពិតទៅអ្នកចូលរួមសរុបមានចំនួន ៦១៣នាក់ឯណោះ តែដោយសារមនុស្សចំនួន ៧នាក់មិនបានដេរឲ្យគ្រប់ ៥នាទីដូចដែលបានចែងក្នុងលក្ខន្តិក:។
កំណត់ត្រាស្ទើរមិនគួរឲ្យជឿនេះ ធ្វើបានដោយបុរសឈ្មោះVeluRathakrishnan ដែលបានប្រើធ្មេញរបស់គាត់ខាំទាញរថភ្លើងដែលមានទម្ងន់សរុបចំនួន២៦០.៨តោន បានចម្ងាយ ៤.២ម៉ែត្រ នៅឯស្ថានីយ៍រថភ្លើង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៣។
កំណត់ត្រានេះ ធ្វើបានដោយប្ដីប្រពន្ធមួយគូ គឺ លោក AveryChin និងអ្នកនាង Sylvia Lim ក្នុងទីក្រុង Georgeរដ្ឋ Penang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០១៧។ ពួកគេអាចផ្លាស់ប្ដូរសំលៀកបំពាក់បាន ២៤ឈុតផ្សេងគ្នា ក្នុងរយៈពេលមួយនាទីហើយពួកគេបានព្យាយាមសាងកំណត់ត្រានេះ ដើម្បីអបអរសាទរខួប ៦០ឆ្នាំនៃថ្ងៃឯករាជ្យភាពរបស់ប្រទេសម៉ាឡេស៊ី។
កំណត់ត្រានេះ សម្រេចបានដោយបុរសឈ្មោះ MohdSyahidan Bin Alias ក្នុងព្រឹតិ្ដការណ៍រត់ប្រណាំង Blackmores’Sydney Running Festival ប្រចាំឆ្នាំ២០១៨ ដែលមានរយៈពេល ២ម៉ោង៥៤នាទី និង ៣៣វិនាទី នៅឯរដ្ឋ New South Wales ប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ កីឡាករដែលមានឈ្មោះហៅក្រៅថា Edan រូបនេះ គឺជាអ្នករត់ម៉ារ៉ាតុងមកពីប្រទេសម៉ាឡេស៊ី ហើយដើម្បីទទួលបានកំណត់ត្រានេះ លោកត្រូវរុំខ្លួនដោយទង់ជាតិ សម្រាប់ការរត់ប្រណាំងទាំងមូល៕