ថៃ៖ ស្ត្រីជនជាតិថៃម្នាក់អាយុ៥៤ឆ្នាំ មកពីទីក្រុងបាងកក នៃប្រទេសថៃ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាប់គាំងក្នុងបន្ទប់ទឹករយៈពេល៣ថ្ងៃ ដោយគ្មានអាហារ និងពឹងផ្អែកលើទឹកម៉ាស៊ីនប៉ុណ្ណោះ។
ជាក់ស្ដែង ដំបូងឡើយស្ត្រីរូបនេះ (មិនបង្ហាញឈ្មោះ) បានងូតទឹកនាពេលយប់ ដូចសព្វដងអីចឹងប៉ុន្ដែទ្វាបន្ទប់មានបញ្ហាមិនអាចបើកបាន ដែលជាហេតុធ្វើឲ្យគាត់ជាប់គាំងក្នុងបន្ទប់ទឹកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ហើយគាត់ក៏បានព្យាយាមស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្ដែមិនបានផលឡើយខណៈគាត់រស់នៅម្នាក់ឯងប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ គាត់បានស្វែងរក.របស់ណារឹងៗក្នុងបន្ទប់ ដើម្បីវាយទៅលើគន្លឹះទ្វានិងជាលទ្ធផល គឺនៅតែមិនអាចបើកបានដដែល។ ហើយដូច្នេះ គាត់ក៏អស់សង្ឃឹម និងបានយកក្រែមលាបមាត់សរសេរលើជញ្ជាំងពីថ្ងៃខែឆ្នាំ ដែលគាត់បានជាប់គាំងក្នុងបន្ទប់ និងរៀបរាប់ពីការផឹកទឹកជំនួសអាហារដើម្បីបន្ដជីវិតផងដែរ។
យ៉ាងណាមិញ បងស្រីរបស់ស្ត្រីរូបនេះ មានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីទាក់ទងតាមរយៈទូរសព្ទមិនឃើញការឆ្លើយតបនិងនៅពេលទៅរកដល់ផ្ទះផ្ទាល់ ក៏បានឃើញរថយន្ដ រួមទាំងចាក់សោក្នុងផ្ទះ។ ហើយស្ត្រីជាបងស្រីបានគិតថាប្រហែលជាមានអ្វីមិនស្រួលកើតឡើងក្នុងផ្ទះ ទើបប្រញាប់ប្រញាល់រាយការណ៍ទៅកាន់ប៉ូលិសតែម្ដង។
នៅទីបំផុត ប៉ូលិសបានគាស់ទ្វាផ្ទះចូល និងបានប្រទះឃើញស្ត្រីខាងលើក្នុងបន្ទប់ទឹកដោយស្ថានភាពរឹងមាំ ប៉ុន្ដែដើម្បីឲ្យប្រាកដ ប៉ូលិសបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ សម្រាប់ធ្វើការពិនិត្យបន្ថែមពីគ្រូពេទ្យផងដែរ៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖