អាមេរិក៖ ស្ត្រីម្នាក់មកពីទីក្រុង Colton រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលប្រទះឃើញស្រោមសំបុត្រក្រដាសប្រាក់សរុបចំនួន៣៦,០០០ដុល្លារអាមេរិកក្នុងសាឡុងមួយទឹក។
ជាក់ស្ដែង ដំបូងឡើយ អ្នកស្រី Umodo បានស្វែងរកគ្រឿងសង្ហារឹម ដើម្បីបំពេញផ្ទះថ្មីរបស់នាងដូច្នេះនាងក៏បានរកទិញតាមរយៈវេបសាយផ្សព្វផ្សាយ Craigslist និងចៃដន្យល្អមានគ្រួសារមួយ មានបំណងចង់ឲ្យសាឡុង និងគ្រឿងសង្ហារឹមផ្សេងៗទៀតក្នុងបន្ទប់គេង ដោយឥតគិតថ្លៃសម្រាប់អ្នកចង់បានបន្ទាប់ពីសាច់ញាតិរបស់ពួកគេបានទទួល.ម.រ.ណ.ភា.ព។
មិនបង្អង់យូរ នាងបានប្រញាប់ប្រញាល់ទំនាក់ទំនងទៅ និងជាចុងក្រោយ នាងបានទទួលនូវសាឡុងចំនួនពីរនិងកៅអីមួយតែម្ដង។ ហើយអំឡុងពេលកំពុងរៀបចំផ្ទះ នាងបានចាប់អារម្មណ៍ថា ហាក់ដូចជាមានអ្វីក្នុងខ្នើយនៃឈុតសាឡុងនិងគិតថាវាជាបន្ទះកម្ដៅ តែលុះរ៉ូតមើល ក៏ប្រទះឃើញស្រោមសំបុត្រក្រដាសប្រាក់ជាច្រើន សុទ្ធសឹងជាក្រដាសប្រាក់១០០ដុល្លារអាមេរិក។
យ៉ាងណាមិញ នាង Umodo មិនបានគិតអ្វីច្រើនឡើយ ដោយទូរសព្ទទៅកាន់ម្ចាស់ដើមភ្លាមៗនិងព្រមប្រគល់ប្រាក់ទាំងអស់ផងដែរ។ ហើយនាងក៏បាននិយាយពីមូលហេតុដែរថា ព្រះជាម្ចាស់បានធ្វើល្អដាក់នាងជាច្រើនលើកដោយផ្ដល់នូវកូនចំនួនបីនាក់យ៉ាងស្រស់ស្អាត និងការរស់នៅល្អ ដូច្នេះគ្មានហេតុផលណាមួយ ដែលនាងចង់បានលើសនេះទេ។ចំណែកគ្រួសារម្ចាស់សាឡុងវិញ មិនដឹងទេថា ហេតុអ្វីបានជាសាច់ញាតិដែលទទួល.ម.រ.ណ.ភា.ព.ទៅ លាក់ប្រាក់ច្រើនដល់ថ្នាក់នេះឡើយនិងចុងក្រោយ ពួកគេបានឲ្យប្រាក់ទៅកាន់នាង Umodo ចំនួន២,៥១៥ដុល្លារសម្រាប់ជាការអរគុណ ហើយនាងក៏បានទិញទូរទឹកកកមួយគ្រឿងដាក់ផ្ទះផងដែរ៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖