ម៉ាឡេស៊ី៖ បុរសអាយុ២៤ឆ្នាំម្នាក់ មកពីរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី បានចូលរួមការប្រកួតប្រជែងស្ទូចត្រីមួយកាលពីដើមខែមករាកន្លងទៅថ្មីៗនេះ និងមានសំណាងល្អ បានទទួលរថយន្ដពណ៌លឿងមួយគ្រឿងម៉ាក FordMustang ពីការចាប់រង្វាន់ក្នុងប្រអប់ខណៈមានឈ្មោះអ្នកផ្សងសំណាងរាប់ពាន់នាក់ឯណោះ។
ជាក់ស្ដែង រថយន្ដនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃចាប់ពី៤៥០,០០០រីងហ្គីត និង ៥៧០,០០០រីងហ្គីត (ប្រមាណ១០៧,០០០ដុល្លារអាមេរិក និង១៣៥,៥០០ដុល្លារអាមេរិក) អាស្រ័យទៅលើវ៉ារ្យ៉ង់ និងកម្លាំងសេះរបស់វា។ យ៉ាងណាមិញរូបភាពរបស់បុរសអ្នកឈ្នះ ជាមួយនឹងរថយន្ដទំនើបរបស់គាត់ ត្រូវបានគេថតឡើងនិងយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយនៅក្នុងវីដេអូនៃទិដ្ឋភាពឈ្នះរង្វាន់ គាត់ក៏បានចូលទៅក្នុងរថយន្ដនិងសាកបញ្ឆេះម៉ាស៊ីនរថយន្ដ ដោយទឹកមុខសើចសប្បាយរីករាយផងដែរ។
ទន្ទឹមនឹងនេះ មានមហាជនមួយចំនួន បានចូលរួមអបអរដល់គាត់និងមួយចំនួនទៀតបានបញ្ចេញមតិណែនាំដោយលើកឡើងថា គាត់គួរតែលក់រថយន្ដចោល ព្រោះពន្ធផ្លូវនិងធានារ៉ាប់រងនឹងត្រូវចំណាយអស់ប្រាក់ច្រើនណាស់ ខណៈប្រទេសម៉ាឡេស៊ីផ្ទាល់ កំពុងជួបប្រទះនឹងបញ្ហាគ្រោះធម្មជាតិ។ ហើយយកប្រាក់ដែលលក់បានទៅទិញរថយន្ដតម្លៃសមល្មមមួយគ្រឿង និងផ្ទះមួយខ្នងវិញប្រសើរជាង៕
ប្រភព: Worldofbuzz / Says
សូមទស្សនារូបភាពខាងក្រោម៖