វែល៖ ស្ត្រីជាប្រពន្ធម្នាក់ អាយុ៥៨ឆ្នាំបានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីស្វាមីរបស់អ្នកស្រី បានទិញនូវវិមានបាក់បែកដ៏ធំមួយដែលមានមូលដ្ឋានក្បែរទីប្រជុំជន Cowbridge នៃប្រទេសវែល ក្នុងតម្លៃ៧៧៥,០០០ផោន (ប្រមាណ១,០៥៣,១០០ដុល្លារអាមេរិក)។
ជាក់ស្ដែងអ្នកស្រី Jude ព្រមទាំងស្វាមីបានព្យាយាមស្វែងរកផ្ទះស្នាក់លំហែកាយនៅប្រទេសអេស៉្បាញយូរណាស់មកហើយតែមិនត្រូវចិត្តឡើយ ខណៈអ្នកស្រីផ្ទាល់ បានចាប់អារម្មណ៍វិមានបែបជាលក្ខណៈប្រាសាទដូចក្នុងរឿងព្រេងនិទានតាំងពីវ័យកុមារភាពម៉្លេះ។ ដំបូងឡើយស្វាមីរបស់អ្នកស្រី បានចាប់ផ្ដើមការសន្ទនាមួយនៅលើទូរសព្ទដៃ ដោយប្រាប់ថាមានអ្វីដ៏ម៉ត់ចត់ចង់ប្រាប់អ្នកស្រី ដែលធ្វើឲ្យអ្នកស្រីគិតថាស្វាមីប្រាកដជាមានបំណងចង់និយាយពីការលែងលះគ្នាជាមិនខាន តែផ្ទុយស្រឡះ វាជារឿងដ៏គួរឲ្យរំភើបទៅវិញ ដោយស្វាមីបានទិញវិមានអាយុកាលតាំងពីជាង២០០ឆ្នាំមុននាឆ្នាំ១៧៩០សម្រាប់អ្នកស្រី។
យ៉ាងណាមិញវិមាននេះ នឹងត្រូវជួសជុលឡើងវិញផងដែរ ដែលគូស្វាមីភរិយាខាងលើមិនបានបង្ហើបឲ្យដឹងពីតម្លៃនៃគម្រោងឡើយនិងសង្ឃឹមថា អាចរើចូលទៅនៅក្នុងឆ្នាំ២០២៤ខាងមុខផងដែរ៕
ប្រភព: Ladbible / Daily Mail
សូមទស្សនារូបភាពខាងក្រោម៖