ចិន៖ ដំរីអាស៊ីមួយហ្វូង ដែលដើរត្រាច់ចរក្នុងប្រទេសចិនត្រូវបានគេប្រទះឃើញដេកយកកម្លាំងយ៉ាងស្កប់ស្កល់ នៅក្បែរភូមិមួយក្នុងសង្កាត់ Xiyang បន្ទាប់ពីមានភ្ញៀងធ្លាក់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហ្វូងដំរីអាស៊ីខាងលើនេះ មានចំនួន១៥ក្បាលរួមទាំងកូន៣ដំរីក្បាល ហើយបានធ្វើដំណើរក្នុងប្រទេសអស់រយៈពេលជាង១៥ខែមកហើយ ដោយគិតជាចម្ងាយវិញប្រមាណ៥០០គីឡូម៉ែត្រឯណោះដែលឆ្ងាយពីជម្រកធម្មជាតិរបស់ពួកវា។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរបានកំពុងឃ្លាំមើលការធ្វើដំណើររបស់ពួកវាយ៉ាងដិតដល់ នៅពេលវាដើរឆ្លងកាត់វាលស្រែ ភូមិនិងទីក្រុង។
ហើយរដ្ឋាភិបាលក្នុងតំបន់បានដាក់ពង្រាយដ្រូនចំនួន២៤គ្រឿង និងមនុស្សប្រមាណ៥០០នាក់ ដើម្បីតាមដានពួកវាឲ្យមានសុវត្ថិភាពនិងបិទផ្លូវ ដើម្បីព្យាយាមបង្វែរពួកវាឲ្យទៅភាគនិរតី។
យ៉ាងណាមិញ ក្នុងចំណោមហ្វូងដំរីមានដំរីឈ្មោលមួយក្បាលបានផ្ដាច់ខ្លួនចេញ ដែលបច្ចុប្បន្ននៅឆ្ងាយពីហ្វូងប្រមាណ៤គីឡូម៉ែត្រ។ហើយមូលហេតុនៃការដើរត្រាច់ចរនេះ មិនទាន់មានរបាយការណ៍ណាបង្ហាញឲ្យដឹងនៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: BBC