ម៉ាឡេស៊ី៖ គូស្វាមីភរិយាមួយគូមកពីប្រទេសម៉ាឡេស៊ី បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីពួកគេបានចែករំលែករឿងរ៉ាវដែលទាងទងនឹងទំនាក់ទំនងស្នេហារបស់ពួកគេរយៈពេលជាង៨ឆ្នាំទៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ។
ក្នុងឆ្នាំ២០១២ លោក Koh បានផ្លាស់សាលាទៅរៀននៅវិទ្យាល័យមួយកន្លែងនិងបានជួបនាង Sim ដែលពួកគេទាំងពីរបានស្ថិតក្នុងក្រុមបាល់ទះប្រចាំសាលាជាមួយគ្នា។ ទន្ទឹមនឹងនោះដែរ ពួកគេទាំងពីរ មិនសូវជានិយាយជាមួយគ្នាប៉ុន្មានឡើយហើយមានថ្ងៃមួយ សាលាបានចុចកណ្ដឹងចេញទៅផ្ទះ ដែលមានហ្វូងសិស្សជាច្រើនធ្វើឲ្យកកកុញ។ភ្លាមៗនោះ លោកបានស្រែកហៅនាង ដែលធ្វើឲ្យនាងងាកមកមើល និងញញឹមដាក់ហើយសកម្មភាពបែនេះ បានធ្វើឲ្យលោកមានអារម្មណ៍ថាបេះដូងលោតញាប់ញ័រខ្លាំងណាស់។
លុះមកដល់ឆ្នាំ២០១៣ លោក Koh បានសម្រេចចិត្តសារភាពអារម្មណ៍ពិតរបស់ខ្លួនទៅកាន់នាងបន្ទាប់ពីសង្កេតឃើញថាពួកគេទាំងពីរកាន់តែមានភាពស្និទ្ធស្នាលដូច្នេះវាបានចាប់ផ្ដើមទៅជាស្នេហាតែម្ដង។ ក្រោយពីក្លាយជាគូស្នេហ៍វ័យក្មេងមក រាល់ពេលចេញពីរៀនម្ដងៗពួកគេតែងតែទៅអង្គុយនៅលើបង់ថ្មនៅទ្វារក្រោយសាលាដើម្បីរង់ចាំម្ដាយមកទទួលទៅផ្ទះវិញជានិច្ច និងថែមទាំងធ្លាប់ទៅទទួលទានអាហារ អានសៀវភៅ និងមើលកុនជាមួយគ្នាផងដែរ។
ពេលវេលាកាន់តែរំកិលទៅមុខ ហើយក៏ឈានដល់ឆ្នាំសិក្សាថ្នាក់សាកលវិទ្យាល័យដែលធ្វើឲ្យលោក Koh និងនាង Sim ត្រូវឃ្លាតឆ្ងាយពីគ្នាដោយត្រូវរៀននៅកន្លែងខុសគ្នា។ តែទោះជាយ៉ាងណាក៏ដោយលោកបានផ្លាស់ទៅរៀននៅសកលវិទ្យាល័យដែលនាង Sim ជ្រើសរើសដូច្នេះទើបពួកគេអាចជួបមុខគ្នាជារៀងរាល់ថ្ងៃ។
ទំនាក់ទំនងស្នេហារបស់ពួកគេបានបន្ដឆ្លងកាត់ពេលវេលាសាកលវិទ្យល័យរយៈពេល៤ឆ្នាំដោយជោគជ័យដែលជួបប្រទះនូវឧបសគ្គជាច្រើនជាមួយគ្នាតែវាបានធ្វើឲ្យស្នេហាកាន់តែមានភាពរឹងមាំឡើងផងដែរ។
ក្រោយពីបញ្ចប់ការសិក្សាចប់សព្វគ្រប់រួចមក ពួកគេបានចាប់ផ្ដើមបើកមុខជំនួញមួយតាមអនឡាញនិងផ្លាស់មករស់នៅជាមួយគ្នាតែម្ដង។ ហើយនៅឆ្នាំ២០២១នេះ នាង Sim ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារតែនាងទទួលរងនូវផលប៉ះពាល់ខ្លះនៃថ្នាំបំបាត់ការឈឺចាប់បន្ទាប់ពីវះកាត់សុខភាពមាត់ធ្មេញរួច ដែលប៉ះពាល់ដល់ក្រពះនិងតម្រងនោមរបស់នាង។ ទន្ទឹមនឹងនោះដែរលោក Koh បាននៅក្បែរនាងនិងមើលថែយ៉ាងដិតដល់ផងដែរ។ ហើយមុនពេលចាកចេញពីមន្ទីរពេទ្យគាត់ក៏បានឆ្លៀតឱកាសសុំរៀបការ បន្ទាប់ពីបានឮលោកយាយរបស់ខាងស្រីកោតសរសើរចំពោះចរិតគាត់ និងអនុញ្ញាតឲ្យរៀបការ។
យ៉ាងណាមិញពួកគេទាំងពីរបានរៀបការជាមួយគ្នាតាំងពីខែឧសភាមកម៉្លេះ ហើយឈានចូលខែកញ្ញានេះពួកគេបានអបអរពេលវេលានៅជាមួយចំនួន១០០ខែផងដែរ៕
ប្រភព: Mothership
សូមទស្សនារូបភាពខាងក្រោម៖