អាមេរិក៖ ប្ដីប្រពន្ធមួយគូ មកពីទីក្រុង Seatte នៃសហរដ្ឋអាមេរិកបានសម្រេចចិត្តលាឈប់ពីការងារ និងលក់ផ្ទះរបស់ខ្លួនចោល ដើម្បីទៅរស់នៅលើកប៉ាល់ទេសចរណ៍ធ្វើដំណើរជុំវិញពិភពលោក។
ជាក់ស្ដែង អ្នកស្រី Angelyn Burk អាយុ៥៣ឆ្នាំ និងស្វាមីអាយុ៥១ឆ្នាំ បានស្រលាញ់ការធ្វើដំណើរកម្សាន្តតាមរយៈកប៉ាល់ទេសចរណ៍ជាខ្លាំងដូចគ្នានិងចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរ គឺត្រូវធ្វើដំណើរកម្សាន្តតាមរយៈកប៉ាល់ យ៉ាងហោចណាស់មួយដងក្នុងរយៈពេលមួយឆ្នាំ។ហើយពួកគាត់ បានចាប់ផ្ដើមចំណាយពេលវេលានៃជីវិតលើកប៉ាល់ តាំងពីខែឧសភា ឆ្នាំ២០២១ម៉្លេះបន្ទាប់ពីលក់ផ្ទះចោល។ ចំពោះផ្ទះដែលលក់មានតម្លៃ៩៥៨,០២៧ដុល្លារអាមេរិក ពោលគឺកើនឡើង១៦.៤ភាគរយធៀបនឹងឆ្នាំមុន។
តួយ៉ាង ពួកគាត់ទាំងពីរ បានត្រៀមប្រាក់សម្រាប់ចំណាយរួចជាស្រេច ដោយតម្រូវចាយត្រឹមតែ១៣៥ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃខណៈរស់នៅលើកប៉ាល់។ តែជាលទ្ធផល ពួកគាត់បានចាយអស់ប្រមាណ៨៩ដុល្លារអាមេរិកក្នុងមួយថ្ងៃដែលធ្វើឲ្យគាត់ចាយអស់៣២,៤៨៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យ៉ាងណាមិញ អ្នកស្រី Angelyn និងស្វាមី មិនមានគម្រោងចង់រស់នៅលើគោកវិញឡើយ ព្រោះសព្វថ្ងៃនេះពួកគាត់មានភាពសប្បាយរីករាយជាខ្លាំង ដែលធ្វើដំណើរកម្សាន្តលើកប៉ាល់ ដោយមិនចាំបាច់កក់សណ្ឋាគារភោជនីយដ្ឋាន ឬមធ្យោបាយធ្វើដំណើរផ្សេងៗទេ។ ហើយពួកគាត់ មានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៊ិកកូស្តារីកា កាណាដា អាឡាស្កា ជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖