ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានវីដេឃ្លីបខ្លីមួយទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញជាខ្លាំងនៅលើបណ្ដាញសង្គមចិន ដោយបង្ហាញឲ្យឃើញពីសកម្មភាពរបស់សុនខមួយក្បាលជាប្រភេទពូជ Husky ដែលវាបានជួយដាំបាយឲ្យម្ចាស់នៅពេលម្ចាស់ចេញទៅខាងក្រៅផ្ទះ។
ជាក់ស្ដែង លោក Zhou អាយុ៣៩ឆ្នាំ និងមកពីខេត្ត Zhejiang នៃប្រទេសចិន ជាម្ចាស់របស់សុនខ បានឲ្យដឹងថាមុនពេលចាកចេញពីផ្ទះទៅទិញអីវ៉ាន់ខាងក្រៅគាត់បានដាក់អង្ករចូលទៅក្នុងឆ្នាំងរួចរាល់ហើយ។ បន្ទាប់មកគាត់ត្រូវចំណាយពេលយូរដើម្បីឈរតម្រង់ជួរ រង់ចាំការធ្វើតេស្តរកជំងឺកូវីដ-១៩ទៀត ដូច្នេះការត្រឡប់ទៅផ្ទះវិញ អាចនឹងមានរយៈពេលយូរម៉ោងនិងយឺតម៉ោងកូនរបស់គាត់ទទួលទានអាហារថ្ងៃត្រង់ផងដែរ។ មិនបង្អង់យូរ គាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាពតាមរយៈទូរសព្ទដៃនិងទំនាក់ទំនងជាមួយសុនខរបស់គាត់ផ្ទាល់តែម្ដង ដែលបញ្ជាឲ្យវាជួយចុចប៊ូតុង ដើម្បីដាំបាយ។
តួយ៉ាង គ្រាន់តែបានឮសំឡេងរបស់ម្ចាស់ភ្លាម សុនខបានស្ទុះងើបឡើង និងប្រើក្រញាំខាងមុខប៉ះទៅលើប៊ូតុងឆ្នាំងដាំបាយ តែក៏បានចុចខុស ខណៈម្ចាស់ប្រាប់ពីរ ទៅបីដង រហូតដល់វាចុចត្រូវប៊ូតុងដាំបាយ។
យ៉ាងណាមិញ លោក Zhou បានឲ្យដឹងដែរថា សុនខមួយក្បាលនេះ គាត់ធ្លាប់បង្ហាត់បង្រៀនឲ្យចេះបើកភ្លើងបំភ្លឺក្នុងផ្ទះនិងកាច់ទឹកបង្គន់ជាដើម តែគាត់មិនដែលសាកល្បងបង្ហាត់បង្រៀនពីការចុចប៊ូតុងឆ្នាំងដាំបាយពីមុនឡើយ។ហើយវាហាក់ដូចជាចេះស្ដាប់ការបញ្ជារបស់គាត់យ៉ាងជំនាញផងដែរ៕
ប្រភព: Mothership
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖