ផ្លរីដា៖ ផាប់ដ៏មានប្រជាប្រិយភាពមួយកន្លែង ឈ្មោះ McGuire’sIrish ដែលមានទីតាំងស្ថិតក្នុងទីក្រុង Pensacola រដ្ឋផ្លរីដា បានធ្វើការតុបតែងលម្អយ៉ាងប្លែក ដោយការយកក្រដាសប្រាក់ពិតៗជាច្រើន មកបិតព្យួរពាសពេញផ្ទៃពិដាន។
បើនិយាយពីប្រវត្ដិនៃការតុបតែងផាប់យ៉ាងប្លែកបែបនេះ វាបានកើតឡើងតាំងពីឆ្នាំ១៩៧៧មកម្ល៉េះ គឺនៅពេលលោក Martin McGuire និងប្រពន្ធឈ្មោះ Mollyបានបើកដំណើរការអាជីវកម្មនេះ។ ដែលដំបូងឡើយនៅពេល អ្នកស្រី Molly ទទួលបានលុយធីប១ដុល្លារ ហើយគាត់បានធ្វើការអបអរដោយការសរសេរកាលបរិច្ឆេទពីលើក្រដាសប្រាក់ និងចងព្យួរនៅក្នុងផាប់ដើម្បីនាំសំណាងល្អ។ ហើយភ្ញៀវដែលចូលមកកម្សាន្ដ ក៏ចាប់ផ្ដើមនាំគ្នាធ្វើបែបនេះតាំងពីពេលនោះមកតែម្ដង។
នៅក្នុងកិច្ចសម្ភាស៍មួយក្នុងឆ្នាំ១៩៩៩ លោក Martinបានឲ្យដឹងថា ពួកលោកតែងតែធ្វើការរាប់វាជារៀងរាល់ឆ្នាំ ហើយកំឡុងពេលនោះលោកបានប៉ាន់ស្មានថាមានលុយសរុបប្រហែល ១៧៥,០០០ដុល្លារអាមេរិក។ប៉ុន្ដែយោងតាមការរាប់នាពេលថ្មីៗនេះ វាបានកើនឡើងដល់ជិត ២លានដុល្លារអាមេរិកហើយ។
យ៉ាងណាមិញ នៅលើក្រដាសប្រាក់នីមួយៗសុទ្ធសឹងតែមានការសរសេរហ្វឺតខ្មៅពីលើ ដូច្នេះវាពិបាកណាស់សម្រាប់ជនអាក្រក់ណាម្នាក់ លួចយកទៅចាយវាយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានករណីលួចយកប្រាក់ចេញពីផាប់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភព៖ odditycentral