បរទេស៖ ឆ្មាញីមួយក្បាលអាយុ២៦ឆ្នាំ និង៣១៦ថ្ងៃបានក្លាយជាឆ្មាអាយុច្រើនបំផុតលើពិភពលោក ដែលនៅរស់រានមានជីវិត និងសុខភាពល្អបន្ទាប់ពីត្រូវបានទទួលស្គាល់ពីខាងកំណត់ត្រាពិភពលោកហ្គីណេស កាលពីថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
ជាក់ស្ដែង ឆ្មាមួយក្បាលនេះ មានឈ្មោះថា Flossie និងបានកើតនៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ១៩៩៥។ ហើយវាត្រូវបានចុះហត្ថលេខាទៅអង្គការសប្បុរសធម៌ការពារឆ្មាក្នុងតំបន់Kent នៃប្រទេសអង់គ្លេស បន្ទាប់ពីម្ចាស់មុនរបស់វាមិនអាចមើលថែវាតទៀតបាន។ ប៉ុន្ដែឥឡូវនេះ វាបានរស់នៅជាមួយម្ចាស់ថ្មី នៅភាគអាគ្នេយ៍ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ដែលម្ចាស់មានអាយុ២៧ឆ្នាំដូចនឹងវាដែរ។
តួយ៉ាង ភ្នែកទាំងសងខាងរបស់ឆ្មាមួយក្បាលនេះមិនអាចមើលឃើញច្បាស់ទេ និងត្រចៀកថ្លង់ទៀតផង ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយមិនមែនជាបញ្ហាសម្រាប់វាឡើយ។ ហើយវាមិនដែលបង្វែរច្រមុះចេញពីចំណីអាហារឆ្ងាញ់ៗម្ដងណាឡើយលុះត្រាតែនៅពេលវាដាក់ខ្លួនដេកលើភួយពណ៌លឿងរបស់វា។
យ៉ាងណាមិញ ស្ត្រីជាម្ចាស់ថ្មីរបស់ឆ្មាមួយក្បាលនេះពិតជាស្រលាញ់ និងយកចិត្តទុកដាក់លើវាមែនទែន ដោយសារតែវាមានអត្តចរិតល្អ គួរឲ្យស្រលាញ់និងចូលចិត្តលេងផងច្រើនផងដែរ៕
ប្រភព: yahoo
សូមទស្សនារូបភាពខាងក្រោម៖