ថៃ៖ គូស្នេហ៍វ័យចំណាស់មួយគូ មកពីខេត្ត Phetchabun ភាគខាងជើងនៃប្រទេសថៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយពួកគាត់ទាំងពីរនាក់បានសម្រេចចិត្តរៀបការ និងរួមរស់ជាមួយគ្នា ក្រោយពីស្គាល់គ្នាបាន១០ថ្ងៃ។
ជាក់ស្ដែង លោកតា Nian Mala សព្វថ្ងៃមានអាយុ៧២ និងបានជួបលោកយាយ Moot Jamkhamអាយុ៨៣ឆ្នាំ ជាលើកដំបូងនៅលើទំនប់ទឹក Pak Huay Dam ក្នុងខេត្ត Khon Kaen។ ហើយគាត់មិនបានជូនថ្លៃបណ្ដាការឬវត្ថុមានតម្លៃអ្វីទៅកាន់លោកយាយឡើយ ខណៈពិធីមង្គលការប្រារព្ធធ្វើឡើងយ៉ាងសាមញ្ញបំផុតនៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង។
តួយ៉ាង លោកតា ធ្លាប់មានប្រពន្ធពីមុនម្ដងរួចមកហើយ និងមានកូនចំនួន៣នាក់ផងដែរ។ ចំណែកលោកយាយវិញមិនធ្លាប់មានគ្រួសារ ឬរៀបការពីមុនទេ ពោលគឺក្រមុំចាស់។
យ៉ាងណាមិញ ក្រោយពីពិធីរៀបការ ត្រូវបានបញ្ចប់ទៅ និងមានសាច់ញាតិចូលរួម លោកតាបានរើអីវ៉ាន់របស់ខ្លួនដើម្បីរួមរស់ជាមួយលោកយាយ ដោយមិនមានអ្វីជាប់ខ្លួនទេ ក្រៅពីម៉ូតូមួយគ្រឿង។ ហើយលោកតាបាននិយាយថាគាត់ពិតជាពេញចិត្ត ស្រលាញ់លោកយាយ១០០ភាគរយ និងថែមទាំងសន្យាថា នឹងមើលថែលោកយាយជារៀងរហូតផងដែរ៕
ប្រភព: Thethaiger
សូមទស្សនារូបភាពខាងក្រោម៖