កូរ៉េខាងត្បូង៖ គីមឈីគឺជាអាហារមួយដ៏ពេញនិយមជាខ្លាំងប្រចាំប្រទេសកូរ៉េ និងល្បីល្បាញទៅដល់ជុំវិញពិភពលោកដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ខាងក្រុមហ៊ុន SHm បានដាក់ដំណើរលក់នូវភេសជ្ជះគីមឈីដែលជាភេសជ្ជះមួយដ៏ប្លែក និងទទួលបានការគាំទ្រផងដែរ ពីសំណាក់ប្រជាជន។
ជាក់ស្ដែង គំនិតនៃការបំផុសឡើងគឺបានមកពីអ្នកស្រី Park Yun-Khyung ដែលមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហើយគាត់បានមានប្រសាសន៍ថា រូបគាត់ពិតជាចូលចិត្តអាហារកូរ៉េជាខ្លាំងនិងតែងតែនឹករសជាតិ រាល់ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្ដងៗ។ដូច្នេះគាត់បានចាប់ផ្ដើមរិះរកវិធីផ្សេង សម្រាប់ឲ្យគាត់បានទទួលទានគីមឈីឲ្យកាន់តែងាយស្រួល។
តួយ៉ាង មនុស្សទូទៅ នឹងអាចគិតថាគីមឈីសុទ្ធតែមានពណ៌ក្រហមប្រសិនបើពួកគេឮថាភេសជ្ជៈគីមឈី។ ប៉ុន្ដែផ្ទុយទៅវិញខាងក្រុមហ៊ុនបានប្រើប្រាស់គីមឈីពណ៌សបែបបុរាណ ដែលវាមិនមានរសជាតិហិល និងរសជាតិយ៉ាងស្រាលស្រទន់។ហើយគ្រឿងផ្សំសម្រាប់ផលិតភេសជ្ជៈ សុទ្ធសឹងតែជាបន្លែស្ពៃក្ដោបត្រាំអំបិលនិងលាយជាមួយបន្លែផ្សេងៗទៀត។ បន្ទាប់ពីស្ពៃក្ដោបចូលជាតិល្អហើយគេនឹងយកវាទៅកិន និងចម្រាញ់បានជាភេសជ្ជៈតែម្ដង។
យ៉ាងណាមិញ ប្រជាជនមួយចំនួន បានភ្លក្សនូវរសជាតិនិងបានលើកឡើងថា វាពិតជាប្លែក ដោយរសជាតិដែលទទួលបានហាក់ដូចជាការធ្វើទទួលទានក្នុងផ្ទះអីចឹងហើយវាថែមទាំងស័ក្តសមចំពោះសាច់អាំងផងដែរ៕
ប្រភព: South China Morning Post
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖