បរទេស៖ កាលពីថ្មីៗនេះ សំណង់អគារដ៏ចម្លែកនិងបែកបាក់មួយ ដែលគេបោះបង់ចោល ត្រូវបានគេប្រទះឃើញនៅលើឆ្នេរសមុទ្រ La Puntillaក្នុងតំបន់ Costa de Solដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជននៅក្បែរៗនោះនិងមានអ្នកទេសចរជាច្រើនសម្រុកធ្វើដំណើរទៅមើលផ្ទាល់។
ខាងកាសែត El Salvadoran បានចេញមុខបំភ្លឺរឿងរ៉ាវខ្លះៗទាក់ទងនឹងសំណង់អគារនេះដោយលើកឡើងថា កាលពីជាង២៨ឆ្នាំមុន មានសណ្ឋាគារមួយ បានសាងសង់កៀកជាប់នឹងខ្សាច់សមុទ្រ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរតែគំនិតនេះ បានធ្វើឲ្យងាយរងគ្រោះទៅវិញ។ បន្ថែមពីនេះទៀត គេមិនដឹងច្បាស់ឡើយថាសណ្ឋាគារបានរងគ្រោះដោយសារខ្យល់ព្យុះ Mitch ដែលបោកបក់ក្នុងឆ្នាំ១៩៩៨ឬយ៉ាងណាទេ ដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួនជាង៩,០០០នាក់។ ក្រោយមកវាបានក្លាយជាទីស្នាក់ការកណ្ដាលនៃព្រះវិហារសាសនាគ្រិស្តប៉ុន្ដែការរចនាសម្ព័ន្ធនៅតែយ៉ាប់យ៉ឺន ហើយវាក៏ត្រូវបានគេបោះបង់ចោលម្តងទៀត។
បើទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាបានក្លាយជាចំណុចនៃការចាប់អារម្មណ៍មួយ ដែលមានមនុស្សទៅលេងកម្សាន្តនិងចូលទៅថតរូបលេង រួមទាំងថតវីដេអូជាដើម។ ទន្ទឹមនឹងនេះ មានក្មេងៗមួយចំនួនដែលចេញមកក្រៅដើម្បីចាប់អណ្ដើកមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលយប់ងងឹត ដោយសារតែពួកគេបានឃើញបុរសម្បុរខ្មៅ និងខ្ពស់នៅក្បែរនោះដែលរឿងនេះ បានធ្វើឲ្យអ្នកផ្សេងទៀតឮហើយ មានភាពភ័យខ្លាចផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Oddity