ប៉ាគីស្ថាន៖ បុរសអាយុ២៨ឆ្នាំម្នាក់ មកពីប្រទេសប៉ាគីស្ថាន ត្រូវបានគេស្គាល់ថាជាតាហ្សង់ ឬមនុស្សព្រៃភ្នំ របស់ទីក្រុង Karachiបន្ទាប់ពីគាត់បានចំណាយពេល៨ឆ្នាំចុងក្រោយនៃជីវិតរបស់គាត់រស់នៅក្នុងផ្ទះ លើដើមឈើ។
ជាក់ស្ដែង ត្រឹមតែមួយយប់ប៉ុណ្ណោះ លោក Farman Ali បានក្លាយជាការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីវីដេអូដែលបង្ហាញពីការរស់នៅដ៏ចម្លែករបស់គាត់ត្រូវបានគេយកទៅចែកចាយកាលពីសប្ដាហ៍មុន។ ចំពោះមូលហេតុដែលរស់នៅបែបនេះ គឺដំបូងឡើយ គាត់បានបាត់ឪពុកម្ដាយនិងដោយសារជីវភាពក្រីក្រពេក ក៏គ្មានលទ្ធភាពក្នុងការទិញផ្ទះ។ ហើយក្រោយមកគាត់ក៏សម្រេចចិត្តរស់នៅលើផ្លូវសាធារណៈមួយរយៈសិន ទើបនឹកឃើញការសាងសង់ផ្ទះឈើលើដើមឈើ ដោយយកក្រណាត់មកគ្របដើម្បីការពារពីខ្យល់ និងភ្លៀង ខណៈដំបូលប្រក់ឈើឬស្សី ដែលជាកន្លែងមិនមាននរណាម្នាក់រំខាន ឬបណ្ដេញគាត់ចេញបានទេ ព្រោះដើមឈើជាទ្រព្យសម្បត្តិរបស់សាធារណៈផងដែរ។
តួយ៉ាង សព្វថ្ងៃនេះ គាត់បានប្រកបអាជីពជាអ្នកលាងសម្អាតរថយន្ដបោសសម្អាតខាងក្រៅផ្ទះរបស់អ្នកដទៃ និងដើរទិញគ្រឿងទេសផ្សេងៗជំនួសអ្នកដទៃជាដើមដើម្បីបានប្រាក់ចិញ្ចឹមជីវិត។ ហើយភាគច្រើន គាត់បានប្រាក់បន្ដិចបន្ដួចប៉ុណ្ណោះ ជាមួយនឹងអាហាររួមទាំងទឹកត្រជាក់ៗ។
យ៉ាងណាមិញ គាត់ក៏ធ្លាប់បានសុំជំនួយពីសាច់ញាតិ និងអាជ្ញាធរដែរតែមិនមាននរណាម្នាក់ខ្វល់ខ្វាយជាមួយគាត់ឡើយ ដូច្នេះហើយគាត់នឹងបន្ដក្ដីសង្ឃឹមជាមួយព្រះអាឡស់ប៉ុណ្ណោះ៕
ប្រភព: Odditycentral
សូមទស្សនារូបភាពននិងវីដេអូខាងក្រោម៖