ឥណ្ឌា៖ កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះបុរសម្នាក់ដែលមានសមាជិកគ្រួសារចំនួន១២នាក់ បានឈរឈ្មោះសម្រាប់តំណែងជាមេភូមិប្រចាំភូមិ Chharwala នៃស្រុកVapi ដោយលទ្ធផលចេញមកនឹកស្មានមិនដល់ ខណៈព័ត៌មានរបស់គាត់បានលេចឮសាយភាយពាសពេញបណ្ដាញសង្គមអន្ដរជាតិយ៉ាងអាម៉ាស់ផងដែរ។
ជាក់ស្ដែងសមាជិកគ្រួសាររបស់លោក Santosh Halpati ទាំង១២នាក់សុទ្ធសឹងតែមានសិទ្ធិបោះឆ្នោតដោយគាត់ពិតជាមិនបានរំពឹងទេថា នឹងទទួលបានការបោះឆ្នោតតែមួយសំឡេងគត់ ដែលមួយសំឡេងនេះ គាត់ជាអ្នកបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់តែម្ដង។ហើយគាត់មានការខកចិត្តជាខ្លាំងចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ដោយគាត់លើកឡើងថាគាត់មិនខ្វល់ពីអ្នកភូមិផ្សេងៗទៀតទេ តែហេតុអ្វីបានជាសមាជិកគ្រួសារមិនបោះឆ្នោតគាំទ្រគាត់ដែលសូម្បីតែភរិយារស់នៅជិតស្និទ្ធជាមួយគាត់ ក៏មិនអើពើបោះឆ្នោតឲ្យគាត់ដែរ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏គួរឲ្យហួសចិត្តខាងលើមានភាពស្រដៀងគ្នាទៅនឹងករណីកាលពីប៉ុន្មានឆ្នាំមុន ដែលបុរសមកពីប្រទេសឥណ្ឌាដូចគ្នាបានស្រក់ទឹកភ្នែកក្នុងពេលប្រាប់អ្នកសារព័ត៌មានថា គាត់ទទួលបានតែប្រាំសំឡេងប៉ុណ្ណោះខណៈសមាជិកគ្រួសារមានចំនួន៩នាក់៕
ប្រភព: Odditycentral
សូមទស្សនារូបភាពខាងក្រោម៖