អាមេរិក៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ខ្យងដីមួយប្រភេទដែលមានដើមកំណើតមកពីទ្វីបអាហ្វ្រិក ត្រូវបានគេរកឃើញនៅតំបន់ New Port Richey ក្នុងរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក ដែលអាជ្ញាធរបានចេញនូវសេចក្ដីជូនដំណឹងជាបន្ទាន់ដល់ប្រជាជន ខណៈព្យាយាមកម្ចាត់ពួកវាចោល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្យងដីមានទំហំប៉ុនកណ្ដុរនិងអាចផ្ទុកដង្កូវប៉ារ៉ាស៊ីត ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត រួមទាំងបណ្ដាលឲ្យរលាកស្រោមខួរចំពោះមនុស្សផងដែរ។ហើយវាជាខ្យងមួយក្នុងចំណោមខ្យងដទៃទៀត ដែលបំផ្លាញបំផុតនៅលើពិភពលោក និងស៊ីរុក្ខជាតិយ៉ាងហោចណាស់៥០០ប្រភេទផ្សេងៗគ្នា។
តួយ៉ាង ខ្យងដីធំៗ អាចបន្តពូជបានយ៉ាងឆាប់រហ័ស និងអាចបង្កើតពងបានប្រហែល១,២០០ពងក្នុងមួយឆ្នាំ។ហើយពួកវាអាចរស់នៅរហូតដល់រយៈពេល៩ឆ្នាំ និងអាចលូតលាស់បានប្រវែងប៉ុនបាតដៃរបស់មនុស្សពេញវ័យ។
ចំពោះតំបន់ខាងលើ ត្រូវបានបិទខ្ទប់ តែមិនមែនដូចការបិទខ្ទប់កូវីដ-១៩ទេ ដែលគ្រាន់តែអ្នកស្រុកត្រូវបានហាមឃាត់មិនឲ្យផ្លាស់ទីរុក្ខជាតិដី កម្ទេចកម្ទីផ្សេងៗ កាកសំណល់ទីធ្លា ជីកំប៉ុស និងសម្ភារសំណង់នៅខាងក្រៅតំបន់ដែលបានកំណត់ដើម្បីបញ្ឈប់ការរីករាលដាល។ ហើយអ្នកស្រុកក្នុងតំបន់ទាំងអស់ នឹងត្រូវបានជូនដំណឹងដោយផ្ទាល់ ឬតាមរយៈការបង្ហោះជូនដំណឹង យ៉ាងហោចណាស់២៤ម៉ោង មុនការព្យាបាលថ្នាំសំលាប់សត្វល្អិត ដែលបានគ្រោងទុក។ ប្រសិនបើពួកវាមិនត្រូវបានទប់ស្កាត់ភ្លាមៗទេ តំបន់នឹងត្រូវរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមិនខានដែលជាពិសេសសិកម្មក្នុងស្រុក និងតំបន់ធម្មជាតិ។
យ៉ាងណាមិញ កាលពីសប្ដាហ៍មុននេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរការព្យាបាលក្នុងតំបន់ដោយបានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលហៅថា Metaldehyde៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖