អង់គ្លេស៖ ក្រុមហ៊ុនលក់គ្រឿងទេសដ៏ធំរបស់អង់គ្លេស ឈ្មោះថា Ocado និងមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងឡុងដ៍កំពុងប្រើប្រាស់កងទ័ពមនុស្សយន្តនៅឯឃ្លាំងរបស់ខ្លួន ទំហំ៥៦៣,០០០ហ្វីតការ៉េ(ប្រមាណ៥២,៣០៤ម៉ែត្រការ៉េ)។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សយន្ដជាង២,០០០គ្រឿង កំពុងធ្វើការយ៉ាងសកម្មនិងមិនឈប់ឈររយៈពេល២០ម៉ោងក្នុងមួយថ្ងៃ ដោយមនុស្សយន្ដនីមួយៗ អាចរើសទំនិញដល់ទៅ២លានមុខដែលលើសពីសមត្ថភាពមនុស្សធម្មតា។ ហើយពួកវាមានកង់រំកិលចំនួន៨ និងមានភាពរហ័សរហួនជាខ្លាំងនៃការរើសទំនិញយកទៅដាក់ក្នុងប្រអប់វេចខ្ចប់ សម្រាប់ដឹកជញ្ជូនចែកចាយឲ្យអតិថិជន។
ជាក់ស្ដែង មនុស្សយន្ដទាំងនេះមានឈ្មោះហៅថា The Hive និងមានសមត្ថភាពអាចជ្រើសរើសការបញ្ជាទិញក្នុងរយៈពេល៥នាទីដែលលឿនជាងកម្មករ ដែលបានទទួលការបណ្តុះបណ្តាលប្រហែល៥ដងឯណោះ។
យ៉ាងណាមិញ ក្នុងរយៈពេល១២ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការលក់រាយរបស់ក្រុមហ៊ុន បានកើនឡើង៤.៦ភាគរយ ដល់២.៣ពាន់លានផោន(ប្រមាណ២.៨ពាន់លានដុល្លារអាមេរិក) ពីឆ្នាំ២០២០។ ហើយការលក់បានកើនឡើង៤១.៥ភាគរយ ក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីឆ្នាំ២០១៩ម៉្លេះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖