ជប៉ុន៖ ក្រដាសកាតុងគឺជាវត្ថុធាតុដើមមួយដែលមានភាពងាយស្រួលបំផុត សម្រាប់យើងអាចយកទៅប្រើប្រាស់បានដោយភាពបត់បែនរបស់វាពិតជាជួយសម្រួលដល់យើង មិនត្រឹមតែទាក់ទងនឹងការវេចខ្ចប់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងសមស្របចំពោះបរិស្ថានផងដែរ ព្រោះវាអាចកែច្នៃឡើងវិញបាននិងងាយស្រួលកម្ទេចចោល។ ជាក់ស្ដែង មានស្ត្រីជនជាតិជប៉ុនម្នាក់ បានយកក្រដាសកាតុងទៅធ្វើរឿងមួយដោយមនុស្សភាគច្រើនមិនអាចធ្វើបានឡើយ ដោយនាងបង្ហាញពីទេពកោសល្យដ៏កម្ររបស់នាងតាមរយៈសិល្បៈ ប្រើក្រដាសកាតុងច្នៃចេញជារូបចម្លាក់ជាច្រើន។
នាង Monami Ohno អាយុ២៩ឆ្នាំ ជាវិចិត្រករដែលបង្កើតរូបចម្លាក់ពីក្រដាសកាតុងរាប់មិនអស់ ដូចជារថក្រោះ កាំភ្លើង ម៉ូតូ នាឡិកាមនុស្សយន្ដ និងស្បែកជើងជាដើម។ ហើយអ្វីៗគ្រប់យ៉ាងចាប់ផ្ដើមតាំងពី១០មុនម៉្លេះនៅពេលដែលនាងធ្វើឡើងសម្រាប់កិច្ចការសាលា។ ការសរសើរពីមនុស្សជុំវិញខ្លួនបានជំរុញឲ្យនាងមានទឹកចិត្តកាន់តែខ្លាំងឡើង ដែលបានក្លាយទៅជាចំណង់ចំណូលចិត្តតែម្ដង។ ងាកទៅកាន់ប្រាក់ចំណូលវិញជាមធ្យមក្នុងមួយរូបចម្លាក់ នាងអាចរកបានចំនួនចាប់ពី៩០៩ដុល្លារអាមេរិក ដល់ទៅប្រមាណ១៣,៦៤០ដុល្លារអាមេរិកឯណោះ។
យ៉ាងណាមិញ ស្នាដៃរបស់នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដែលបច្ចុប្បន្ននេះ រូបចម្លាក់ក្រដាសកាតុងរបស់នាងត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលទូទាំងប្រទេសជប៉ុន និងនៅបរទេសផងដែរ៕
ប្រភព: Worldofbuzz
សូមទស្សនារូបភាពខាងក្រោម៖