ចិន៖ ស្ត្រីម្នាក់ឈ្មោះថា You Jianzia មកពីទីក្រុងចាងចូវភាគខាងត្បូងបានបំបែកកំណត់ត្រាពិភពលោក Guinness ចាស់របស់ខ្លួនដែលមានរោមភ្នែកវែងជាងគេ កាលពីថ្មីៗនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនេះបានជាប់ឈ្មោះជាអ្នកមានរោមភ្នែកវែងជាងគេលើពិភពលោកកាលពីឆ្នាំ២០១៦ដោយរោមភ្នែករបស់គាត់មានប្រវែង១២.៥សង់ទីម៉ែត្រ។ អស់រយៈពេលជាង៥ឆ្នាំមកនេះ គាត់បានបំបែកកំណត់ត្រាចាស់ ដោយឥលូវនេះគាត់មានរោមភ្នែកយ៉ាងវែង ប្រវែង២០.៥សង់ទីម៉ែត្រ។
ទន្ទឹមនឹងនេះដែរ អ្នកស្រី You បានរៀបរាប់ឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៥ រូបគាត់ផ្ទាល់បានសង្កេតឃើញថារោមភ្នែករបស់គាត់ដុះវែងខុសប្រក្រតីពីមនុស្សទូទៅ ដែលពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែដុះវែងទៅៗ។ហើយក្រោយមក គាត់ក៏សម្រេចចិត្ត ពិគ្រោះជាមួយគ្រូពេទ្យតែគ្រូពេទ្យមិនបានរកឃើញមានបញ្ហាអ្វីឡើយ ដែលចាត់ទុកថា វាជារឿងដ៏អស្ចារ្យនិងកម្រមានកើតឡើង។
យ៉ាងណាមិញ ចំពោះករណីរោមភ្នែកដ៏វែងនេះអ្នកស្រី You បានជឿជាក់ថា ប្រាកដជាព្រះប្រទានឲ្យដែលកាលនោះគាត់បានចំណាយពេលចំនួន៤៨០ថ្ងៃ រស់នៅតាមបែបធម្មជាតិលើភ្នំ។ ហើយរោមភ្នែកនេះបានធ្វើឲ្យគាត់មានសុខភាពល្អល្អប្រសើរនិងមិនចាំបាច់តុបតែងមុខយូររាល់ពេលចង់ទៅណាម្ដងៗឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail