អូស្ត្រាលី៖ កាលពីថ្ងៃសុក្រទី២១ ខែតុលាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សុនខមួយក្បាល ដែលអាចជួយធ្វើការងារខ្លះក្នុងកសិដ្ឋាន ជំនួសកម្លាំងមនុស្សបានដាក់ដេញថ្លៃ និងបានតម្លៃដល់ទៅ៤៩,០០០ដុល្លារអាមេរិកឯណោះ។
ជាក់ស្ដែង សុនខញីមួយក្បាលនេះ មានឈ្មោះថា Eve ជាប្រភេទពូជ Kelpieនិងមកពីភូមិ New Bridge ក្នុងរដ្ឋ NewSouth Wales នៃប្រទេសអូស្ត្រាលី។ ហើយវាជាសុនខមួយក្បាលដែលខិតខំប្រឹងប្រែងធ្វើការងារ មែនទែន ខណៈវាអាចឃ្វាលសត្វចិញ្ចឹមក្នុងកសិដ្ឋានដូចជាចៀម គោ និងពពែជាដើម ឲ្យចេញពីជម្រក និងចូលជម្រកវិញ មុនពេលបិទទ្វារនៃជម្រក។
តួយ៉ាង វាត្រូវបានហ្វឹកហាត់ឲ្យចេះធ្វើការងារ ដោយម្ចាស់របស់វាផ្ទាល់ចាប់តាំងពីវានៅតូចម៉្លេះ។ ហើយចំពោះចំនួនទឹកប្រាក់ដែលទទួលបានពីការដេញថ្លៃ បានធ្វើឲ្យម្ចាស់របស់វាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតួលេខជាលេខសំណាង ត្រូវនឹងឆ្នាំគម្រប់ខួបអាពាហ៍ពិពាហ៍លើកទី៤៩ រវាងគាត់និងប្រពន្ធផងដែរ។
យ៉ាងណាមិញ ទីកន្លែងស្នាក់នៅថ្មីរបស់សុនខខាងលើ នឹងនៅក្បែរទីប្រជុំជនOberonនៃប្រទេសអូស្ត្រាលី។ ហើយតម្លៃដេញថ្លៃរបស់វា បានក្លាយជាតម្លៃដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានពីមុន សម្រាប់ការដេញថ្លៃសត្វចេះធ្វើការប្រចាំប្រទេសអូស្ត្រាលី។ចំណែកការដេញថ្លៃកាលពីឆ្នាំមុន បានតម្លៃត្រឹមតែ៣២,២០០ដុល្លារអាមេរិកប៉ុណ្ណោះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖