អូស្ត្រាលី៖ បុរសម្នាក់ដែលប្រើឧបករណ៍រាវរកលោហៈ បានរកឃើញថ្មដ៏ធ្ងន់មួយ ដែលគាត់ជឿថាជាមាសប៉ុន្តែបន្ទាប់ពីការវិភាគបន្ថែម បានរកឃើញថាវាមានតម្លៃកាន់តែខ្លាំង។ លោក David Hole បានរកឃើញថ្មដ៏ធំនេះកាលពីឆ្នាំ២០១៥ នៅពេលដែលគាត់កំពុងប្រើឧបករណ៍រាវរកលោហៈនៅក្នុងឧស្យាន Maryborough Regional Park ក្បែរទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
ក្រោយពីរកឃើញដុំថ្មហើយ គាត់ក៏យកវាទៅផ្ទះនិងព្យាយាមពុះវា ដោយគិតថាមានដុំមាសមួយនៅពីខាងក្នុង។ លោក Hole បានព្យាយាមបំបែកវាដោយប្រើរណារ ម៉ូទ័រកាត់ ប្រដាប់ស្វាន និងសូម្បីតែអាស៊ីតប៉ុន្តែរបស់របរទាំងនេះមិនអាចប្រើការបានទេ។ ជាច្រើនឆ្នាំក្រោយមក លោក Hole បានយកថ្មនេះទៅសារមន្ទីរ Melbourneដើម្បីកំណត់មើលអត្តសញ្ញាណរបស់វា ហើយនោះជាពេលដែលគាត់បានរកឃើញថា វាមិនមែនជាថ្មធ្ងន់ដែលមានមាសនៅពីខាងក្នុងទេ ប៉ុន្តែជាអាចម៍ផ្កាយដ៏ធំមួយ។
អាចម៍ផ្កាយនេះមានទម្ងន់១៧គីឡូក្រាមហើយបន្ទាប់ពីអ្នកជំនាញកាត់មួយផ្នែកតូចរបស់វា ក្រុមអ្នកស្រាវជ្រាវរកឃើញថាវាមានជាតិដែកខ្ពស់ ដែលមានន័យថាវាស្ថិតនៅក្នុងប្រភេទ chondrite។ ភូគព្ភវិទូសារមន្ទីរ Melbourne លោក DermotHenry បាននិយាយថា អាចម៍ផ្កាយដែលលោក Hole រកឃើញនេះអាចនឹងមកពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលមានទីតាំងចន្លោះភពអង្គារនិងព្រហស្បតិ៍ ហើយដោយប្រើប្រាស់កាបូនបានរកឃើញថាវាបានធ្លាក់ចូលមកកាន់ផែនដីចន្លោះពី១០០ទៅ១,០០០ឆ្នាំមុន។
តាមពិតទៅបន្ទាប់ពីធ្វើការនៅសារមន្ទីរអស់រយៈពេល៣៧ឆ្នាំ និងបានពិនិត្យមើលថ្មរាប់ពាន់ដុំ លោកHenry និយាយថា មានតែថ្មពីរដុំប៉ុណ្ណោះដែលគេផ្ដល់ឲ្យគឺជាអាចម៍ផ្កាយពិតប្រាកដ៕
ប្រភព: TweakTown