ម៉ិកស៊ិក៖ លោកតាម្នាក់អាយុ៨៤ឆ្នាំមានឈ្មោះថា Gregorio Romero និងមានបញ្ហាបាត់ការចងចាំម្ដងម្ដាលបានចាកចេញពីផ្ទះក្នុងតំបន់ Moctezuma រដ្ឋ Sonora នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដើម្បីដើរលេងតាមភូមិ ប៉ុន្ដែគាត់បែរជាវង្វេងផ្លូវនិងរកផ្លូវវិលមកផ្ទះវិញមិនឃើញតែម្ដង។
ដូច្នេះ ប៉ូលិសនិងក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្ដើមតាមស្វែងរកដោយមានការចូលរួមពីសំណាក់សុនខហិតក្លិនផងដែរ។ ទន្ទឹមនឹងនេះ សុនខរបស់លោកតាផ្ទាល់បានរកឃើញលោកតានៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះ ខណៈក្រុមអ្នកជួយសង្គ្រោះនិងសុនខហិតក្លិនមិនទទួលបានតម្រុយអ្វីទាំងអស់ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញសុនខដ៏ឆ្លាតមួយក្បាលនេះ បាននាំផ្លូវក្រុមអ្នកជួយសង្គ្រោះទៅកាន់ទីតាំងម្ចាស់របស់វាដោយបានឆ្លងកាត់ផ្លូវយ៉ាងលំបាកផងដែរ។ ហើយនៅទីបំផុតលោកតាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងទទួលបានការមើលថែរយៈពេល២ថ្ងៃដោយសុនខតែងតែឈរចាំពីមុខបន្ទប់សម្រាកទៀតផង៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖