ឥណ្ឌា៖ បងប្អូនប្រុសកសិករពីរនាក់មកពីប្រទេសឥណ្ឌា បានដាំផ្លែស្វាយប្រភេទម៉្យាង ដែលមានតម្លៃខ្ពស់បំផុតដោយមិនដឹងខ្លួន បន្ទាប់ពីទិញបរិភោគពីអ្នកមិនស្គាល់មុខម្នាក់ នៅលើរថភ្លើង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាបុរសម្នាក់ក្នុងចំណោមកសិករទាំងពីរខាងលើ មានឈ្មោះថា Singh Parhar បានស្ថិតនៅលើរថភ្លើងមួយខ្សែឆ្ពោះទៅកាន់ទីក្រុង Chennai កាលពី២ឬ៣ឆ្នាំមុន។ ខណៈពេលនោះ មានអ្នកដំណើរម្នាក់បានសួរគាត់ថា តើចង់ទិញផ្លែស្វាយពិសេសក្នុងតម្លៃ៣៣ដុល្លារអាមេរិកឬអត់ហើយគាត់ក៏យល់ព្រមទិញ។ លុះពេលយកគ្រាប់មកដាំដំបូងៗ គាត់មិនបានចាប់អារម្មណ៍អ្វីឡើយរហូតដល់ក្រោយមក គាត់សង្កេតឃើញថា ដើមមានសភាពខុសប្លែកពីដើមស្វាយទូទៅ និងសម្បកផ្លែមានពណ៌ស្វាយយ៉ាងស្រស់ស្អាត។
ទន្ទឹមនឹងនោះដែរ មានអ្នកចង់ទិញផ្លែស្វាយពីគាត់ដែលហ៊ានឲ្យតម្លៃដ៏ខ្ពស់ ក្នុងមួយផ្លែតម្លៃ២៦៣ដុល្លារអាមេរិក។ ហើយមិនយូរប៉ុន្មានទើបគាត់ដឹងថា ផ្លែស្វាយនេះជាប្រភេទពូជ Miyazaki ដែលគេដាក់លក់ដេញថ្លៃពិសេសក្នុងប្រទេសជប៉ុននិងមានដើមកំណើតមកពីខេត្ត Miyazaki លើកោះ Kyushu ភាគខាងត្បូងនៃប្រទេសជប៉ុន។
យ៉ាងណាមិញ ក្រោយពីដឹងច្បាស់សព្វគ្រប់រួចមក លោក SinghParhar បានជួលអ្នកការពារដាំណាំផ្លែស្វាយដោយចំណាយអស់ចំនួន១០៨ដុល្លារអាមេរិកជារៀងរាល់ខែផងដែរ ចៀសវាងមានជនខិលខូចចូលលួចបេះយកទៅលក់បន្ដ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: ladbible.com