តែបៃតងមិនគួរផឹកក្នុងអំឡុងពេល ឬក្រោយពេលញ៉ាំអាហារនោះទេ! - TrueID

តែបៃតងមិនគួរផឹកក្នុងអំឡុងពេល ឬក្រោយពេលញ៉ាំអាហារនោះទេ!

December 19, 2022

តែបៃតងជាភេសជ្ជៈពេញនិយមមួយប្រភេទ ពិសេសសម្រាប់អ្នកដែលមានបញ្ហាផឹកកាហ្វេមិនសូវបាន ហើយងាក​​​​មកចាប់ចិត្ដនឹងតែបៃតងជំនួសវិញ។ ម្យ៉ាងទៀតគេយល់ថាតែបៃតងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ហើយពេលវេលានិយមផឹក ច្រើនតែក្រោយពេលញ៉ាំអាហារថ្ងៃត្រង់ ឬអាចអាហារពេលល្ងាចតែម្ដង។

តើការផឹកតែបៃតងបន្ទាប់ពីញ៉ាំអាហារហើយល្អសម្រាប់សុខភាពដែរទេ?

តែបៃតងជាភេសជ្ជៈដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ជំនួយខួរក្បាល កាត់បន្ថយហានិភ័យជំងឺបេះដូង មហារីក ឈឺសន្លាក់ មិនត្រឹមតែប៉ុណ្ណោះក៏ជួយឲ្យស្មារតីរឹងមាំផងដែរ ប៉ុន្ដែបញ្ហាចម្បងមួយ គឺថាតែបៃតងមិនស័ក្ដិ​សមជាភេសជ្ជៈគួរផឹកក្នុងអំឡុងពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហារភ្លាមនោះទេ។

តែបៃតងត្រូវបានរកឃើញមានផ្ទុកចង្កោមសារធាតុ តានីន (Tannins) ជាសមាសធាតុគីមីក្នុងដើម និង ស្លឹករុក្ខជាតិអាចចងក្រង និង ចាប់យកពពួករ៉ែដូចជា រ៉ែដែក រ៉ែទង់ដែង និង រ៉ែក្រូមីញ៉ូម ពីរបបអាហារដែលយើងបានញ៉ាំ ហើយរារាំងការស្រូបរបស់រាងកាយ។

ការសិក្សាបានបង្ហាញថា ការផឹកតែបៃតងក្នុងអំឡុងពេលញ៉ាំអាហារ ឬបន្ទាប់ពីញ៉ាំអាហារភ្លាមៗនឹងបណ្ដាលឲ្យរាង​កាយរបស់យើងមិនអាចស្រូបយកជាតិរ៉ែសំខាន់ៗបាននោះទេ ពិសេសរ៉ែជាតិដែកតែម្ដង ប្រ​សិន​បើសុខភាពយើងកំពុងតែខ្វះជាតិដែក គួរតែកុំផឹកតែបៃតងក្នុងអំឡុងពេលនោះអី។ ពេលវេលាល្អបំផុតដែលគួរ​ផឹកតែបៃតង នៅ​មុន​ពេលញ៉ាំអាហារ ១ម៉ោងកន្លះ និងក្រោយពេលអាហារ ឲ្យបានយ៉ាងហោច ២ម៉ោង ដើម្បីឲ្យប្រព័ន្ធរំលាយអាចស្រូបយកជាតិរ៉ែសំ​ខាន់ៗ​ទាំងនោះ។ ដូច្នេះបើយើងញ៉ាំអាហារដែលផ្ដោតសំខាន់លើពពួករ៉ែ គួរតែចៀសវាងភេសជ្ជៈប្រភេទនេះ។

តានីនជាសមាសធាតុគីមីដែលរកឃើញមាននៅក្នុងរុក្ខជាតិ ទាំងស្លឹក ទាំងដើម ក្នុងនោះរាប់បញ្ចូលទាំងស្លឹកតែ មិនថា តែខ្មៅឬ តែបៃតងនោះទេដែលមានរសជាតិចត់។ ប្រសិនបើយើងចង់ដឹងពីបរិមាណតានីនមាននៅក្នុង​តែច្រើន ឬតិច យើងអាចសម្គាល់ដឹងតាមរយៈរសជាតិរបស់តែ បើរសជាតិចត់ខ្លាំង នោះបរិមាណតានីន ក៏មានច្រើន បើមិនសូវចត់ នោះបរិមាណតានីនគឺមានតិច។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...