ជំងឺគាំងបេះដូង ក្រិនសរសៃឈាមបេះដូង ស្ទះសរសៃឈាមបេះដូង ឬខ្សោយបេះដូងជាដើម កន្លងមកយើងតែងគិតថាបញ្ហាទាំងនេះតែងតែកើតឡើងដោយសារវ័យ ឬប្រវត្ដិគ្រួសារមានជំងឺនេះ។ ប៉ុន្ដែមិនដូច្នោះទាំងស្រុងទេ សកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួន ក៏អាចបណ្ដាលឲ្យយើងងាយប្រឈមជំងឺទាំងនេះមុនវ័យបានដែរ។
ការទទួលទានអាហារដែលមានជាតិខ្លាញ់មិនល្អ គឺជាមូលហេតុសំខាន់បំផុតផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង លើសពីនេះក៏បណ្ដាលឲ្យកើតជំងឺក្រិនសរសៃឈាមផងដែរ។ ក្រៅពីនេះ ប្រភេទអាហារដែលប្រៃខ្លាំង ឬអំបិលច្រើនក៏ជាកត្ដាបង្កឲ្យកើនឡើងសម្ពាធឈាមដែរ។
ការមិនបានធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់អាចនាំឱ្យកើតជំងឺបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ ក៏ប្រឈមហានិភ័យ កើតជំងឺធាត់ សម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែម។ ដូច្នេះការមាន សកម្មភាពរាងកាយទៀងទាត់អាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន។
ជាក់ស្ដែងការផឹកស្រាច្រើនពេកអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏ងាយនឹងវិវត្ដទៅជាជំងឺបេះដូងបាន។ ការផឹកស្រា ធ្វើឲ្យសារធាតុខ្លាញ់ triglyceridesកើតឡើងក្នុងឈាម ងាយប៉ះពាល់ដល់បេះដូង។ ជាទូទៅការផឹកស្រាមិនត្រូវបានហាមឃាត់ទាំងស្រុងនោះទេ គេអាចកំណត់ទៅតាមលក្ខខណ្ឌសុខភាព ដូចជា ស្ត្រីមិនគួរផឹកលើសពី ២ កែវចំណុះ៣៣០មិល្លីលីត្រ ក្នុងមួយថ្ងៃ និងបុរសមិនគួរផឹកលើសពី ៣ កែវក្នុងមួយថ្ងៃ។
បារីមានសារធាតុនីកូទីនអាចបំផ្លាញបេះដូង និងសរសៃឈាមក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាបូនម៉ូណូអុកស៊ីតពីផ្សែងបារី នឹងកាត់បន្ថយបរិមាណអុកស៊ីសែនក្នុងឈាម។ ផលប៉ះពាល់ពីផ្សែងបារី សូម្បីតែអ្នកនៅជុំវិញខ្លួនមិនបានជក់ ក៏ប្រឈមហានិភ័យនៃជំងឺបេះដូងបានដែរ។
អ្នកដែលតែងតែមានបញ្ហាកើនឡើងជាតិស្ករក្នុងឈាម ក៏ប្រឈមនឹងកើតជំងឺបេះដូងបានដែរ ប្រសិនជាមិនបានគ្រប់គ្រងជាតិស្ករបានល្អ ពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ ឬបម្រុងនឹងកើតជំងឺទឹកនោមផ្អែមតែម្ដង។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ អាចឲ្យយើងកាត់បន្ថយអត្រាកើតជំងឺលើសសម្ពាធឈាម ដែលជាមូលហេតុចម្បងឈានទៅរកជំងឺបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet