សាកល្បងចូលទៅក្នុងសង្គម និងជួបមនុស្សថ្មីៗ ត្រូវតែប្រយ័ត្នខ្លួនជានិច្ចចំពោះចំណុចទាំង១០នេះ - TrueID

សាកល្បងចូលទៅក្នុងសង្គម និងជួបមនុស្សថ្មីៗ ត្រូវតែប្រយ័ត្នខ្លួនជានិច្ចចំពោះចំណុចទាំង១០នេះ

November 14, 2020

ការចូលរួមក្នុងសង្គម ​ធ្វើកិច្ចការសង្គមនិងប្រឡូកក្នុងសង្គមឱ្យបានច្រើន អាចធ្វើឱ្យអ្នកមានទំនាក់ទំនងកាន់តែល្អជាមួយមនុស្សទូទៅស្គាល់គេឯងច្រើន ​ទទួលបានបទពិសោធន៍ជីវិតដែលមិនធ្លាប់ជួបប្រទះ និងមេរៀនសំខាន់ផ្សេងៗដើម្បីអភរិវឌ្ឍន៍ខ្លួនឯង។

តែទោះបីជាការប្រឡូកក្នុងសង្គមមនុស្សគឺជារឿងល្អក៏ពិតមែន តែក្នុងសង្គមមានមនុស្សច្រើនប្រភេទណាស់ដែលអ្នកមិនអាចមើលចិត្តគេធ្លុះនោះឡើយអ្នកអាចនឹងត្រូវរងគ្រោះ និងត្រូវគេចាក់ពីក្រោយយ៉ាងសាហាវ ប្រសិនណាជាអ្នកមិនចេះប្រយ័ត្នប្រយែងខ្លួនឱ្យបានច្រើនទេ។

ដូច្នេះមកសិក្សាពី១០ចំណុចដែលអ្នកត្រូវប្រុងប្រយ័ត្នជានិច្ចពេលចូលទៅក្នុងសង្គមមនុស្ស ៖

១.កុំឱ្យគេដឹងអាថ៌កំបាំងរបស់អ្នក

វាជារឿងដែលអ្នកមិនគួរឱ្យកើតមានទាល់តែសោះក្នុងពេលដែលអ្នកទើបតែស្គាល់នរណាម្នាក់ ឬត្រឹមតែជាមនុស្សដែលស្គាល់គ្នារាប់អានគ្នាធម្មតាតែអ្នកបែរជាយករឿងអតីតកាល ភាពឈឺចាប់ ចំណុចខ្សោយរបស់ខ្លួន​​​ ឬអាថ៌កំបាំងរបស់ខ្លួនប្រាប់ដល់គេនោះ។មនុស្សនៅក្នុងសង្គមមានច្រើនប្រភេទណាស់ដែលអ្នកមិនគួរទុកចិត្តប្រាប់គ្រប់យ៉ាងទាំងអស់នោះទេ ថាមិនបានពួកគេអាចយកអាថ៌កំបាំងរបស់អ្នកទៅនិយាយដើមយកមកធ្វើជាចំណុចខ្សោយមកជាន់ ឬចាក់អ្នកពីក្រោយក៏ថាបាន។

២. មនុស្សខ្លះមិនចង់រាប់យើងជាមិត្ត

នៅក្នុងពេលដែលទើបតែប្រឡូកនៅក្នុងសង្គម​អ្នកអាចនឹងជួបមនុស្សច្រើន ដោយអ្នកខ្លះអាចនឹងចង់រាប់អានអ្នកដោយស្មោះអ្នកខ្លះមិនចង់រាប់អានអ្នកនោះទេ តែអ្នកខ្លះទៀតល្អតែពីមុខអ្នកតែសម្តែងការមិនពេញចិត្តនៅពីក្រោយខ្នង។ ដូច្នេះអ្នកមិនអាចទៅឆាប់ស្និទ្ធស្នាល ឬទុកចិត្តអ្នកណាម្នាក់ខ្លាំងពេកនោះទេទោះអ្នកខ្លះមើលទៅអាចរាប់ជាមិត្តក៏ដោយ ព្រោះពេលខ្លះគេអាចនឹងកំពុងតែចង់តាមដានចង់ដឹងកកូរកកាយរឿងរបស់អ្នកដើម្បីជាប្រយោជន៍ណាមួយក៏ថាបាន។

៣. ចង់បានប្រយោជន៍ពីអ្នក

នៅក្នុងសង្គមមិនមែនគ្រប់គ្នាមានមិត្តភាពពិតប្រាកដនោះទេក្នុងករណីអ្នកមានអារម្មណ៍ថាអ្នកស្គាល់គេច្រើន ឬមានអ្នកមករាប់អានច្រើន កុំទាន់អាលអរឱ្យសោះព្រោះអ្នកខ្លះចង់រាប់អានអ្នកព្រោះតែចង់ទាញផលប្រយោជន៍ពីអ្នកតែប៉ុណ្ណោះដោយអាចសម្លឹងមើលអ្នកមានទ្រព្យទ្រព្យ​​ អ្នកមានប្រយោជន៍ដែលអាចពឹងពាក់បាន​ឬចង់បោកអ្នកប្រើជាដើម។ ដូច្នេះកុំទាន់ទុកចិត្តមនុស្សដែលរួសរាយរាប់អានអ្នក ឬអ្នកដែលមានសម្តីផ្អែមល្អែមជាមិត្តពេកអីជួនកាលផ្អែមពេកក៏បង្កប់នូវភាពពិសពុលដែរ។

ប្រយ័ត្នមនុស្សល្អតែពីមុខអាក្រក់ក្រោយខ្នង
ប្រយ័ត្នមនុស្សល្អតែពីមុខអាក្រក់ក្រោយខ្នង

៤. អ្នកជាមនុស្សងាយរងគ្រោះ ឬទន់ជ្រាយ

កុំបង្ហាញចំណុចអវិជ្ជមានរបស់អ្នកទៅកាន់អ្នកដទៃហើយក៏កុំធ្វើចរិតទន់ខ្សោយឱ្យអ្នកដទៃឃើញ ព្រោះគ្មានអ្នកណាម្នាក់ចូលចិត្តមនុស្សទន់ខ្សោយឬទន់ជ្រាយពេកនោះទេ។ទោះបីជាអ្នកចាប់ផ្តើមចំណងមិត្តភាពជាមួយមនុស្សក្នុងសង្គមជាមួយនឹងចរិតនឹងនស្រគត់ស្រគំ តែត្រូវតែបង្ហាញពីភាពរឹងប៉ឺងរបស់ខ្លួនកុំធ្វើចរិតជ្រាយឱ្យគេឃើញថាអ្នកជាមនុស្សអន់ខ្សោយងាយធ្វើបាបអីព្រោះមនុស្សទន់ខ្សោយនឹងត្រូវបានគេជន់ឈ្លីបានយ៉ាងងាយ។

៥. មិត្តអាក្រក់អាចបំផ្លាញអ្នកបាន

ចូលនៅក្នុងសង្គមមួយនេះ អ្នកគួរតែស្គាល់មនុស្សនិងរាប់អានគេឯងឱ្យបានច្រើន តែអ្នកមិនអាចរាប់អានអ្នកណាជាមិត្តដោយងាយៗនោះទេ។មិត្តល្អៗកម្រនឹងរកបានណាស់ តែក្នុងសង្គមនេះសម្បូរទៅដោយមិត្តភាពក្លែងក្លាយស្ទើរតែមើលមិនដឹងដោយមិត្តទាំងនោះអាចនឹងធ្វើល្អដាក់អ្នកគ្រប់យ៉ាងរហូតអ្នកមិនអាចមើលធ្លុះតែពីក្រោយនោះគេគឺជាមនុស្សដែលយកទំនុកចិត្ត ភាពជឿជាក់ និងរឿងអាថ៌កំបាំងរបស់អ្នក បកមកខាំនិងបំផ្លាញអ្នកវិញក៏មាន។

៦. បង្ហាញរឿងផ្ទាល់ខ្លួនពេកធ្វើឱ្យគ្រប់គ្នាឃ្លាតឆ្ងាយ

គ្មានអ្នកណាកើតមកល្អឥតខ្ចោះទេ​អ្នកណាក៏ធ្លាប់មានកំហុស និងអតីតកាលមិនល្អកើតឡើងដែរ ​ហើយទោះបីជាវាជារឿងកន្លងផុត ឬបានដោះស្រាយរួចរាល់អស់តែមិនប្រាកដថាអ្នកត្រូវតែនិយាយរឿងខ្លួនឯងប្រាប់គេឯងគ្រប់គ្នានោះទេ។ដឹងទេអតីតកាលរបស់អ្នក ពេលខ្លះអ្នកនឹងបំភ័យឱ្យគេគ្រប់គ្នាខ្លាច រអារ ឬចាកចាញឆ្ងាយមិនហ៊ានរាប់អានអ្នកបានផងដែរដូច្នេះទោះការចូលក្នុងសង្គមជាការបើកចិត្ត និងអាចរកគ្នាពិភាក្សាគ្នាបានក៏ពិតមែនតែក៏មិនត្រូវទុកចិត្តអ្នកណាលឿនពេកនោះទេ ពិសេសរឿងណាគួរតែនិយាយបានក៏និយាយ បើរឿងណាដែលអាចបំភ្លេចចោលកប់ទុកបានក៏កុំនិយាយប្រាប់អ្នកណាឱ្យសោះ។

៧.អ្វីៗក៏ដោយត្រូវការពេលវេលាដើម្បីបង្កើតទំនុកចិត្ត

គេថាមិត្តភាពទាំងអស់ត្រូវការពេលវេលាច្រើនណាស់ដើម្បីកសាងទំនុកចិត្តដូច្នេះមិនថាមានអ្នកមកល្អ បង្ហាញភាពស្មោះត្រង់ ឬមើលទៅទំនងអាចរាប់អានទុកចិត្តក៏ដោយ អ្នកមិនត្រូវជឿជាក់ឬទុកចិត្តនរណាម្នាក់ដោយងាយនោះទេនៅក្នុងសង្គមមួយនេះ។អ្នកអាចនឹងរាប់អានមនុស្សបានច្រើននៅក្នុងសង្គម តែក៏កុំចេះតែទុកចិត្តអ្នកណាពេកអី ត្រូវចេះមានផ្លូវក្រោយនិងត្រូវតែចេះប្រយ័ត្នប្រយែងខ្លួនឯងឱ្យមែនទែន។

ត្រូវ្ការពេលវេលាបង្កើនទំនុកចិត្ត
ត្រូវ្ការពេលវេលាបង្កើនទំនុកចិត្ត

៨. កាន់តែធ្លាប់ឈឺចាប់​ឬត្រូវគេធ្វើបាប កាន់តែកុំទុកចិត្តនរណា

ជឿថាមនុស្សម្នាក់ៗសុទ្ធតែមានរឿងខកបំណងជួបរឿងឈឺចាប់ និងត្រូវគេធ្វើបាបចៀសមិនផុត មិនថាស្នេហា ឬមិត្តភាព។ដូច្នេះនៅពេលដែលអ្នកធ្លាប់រងរបួសផ្លូវចិត្តមួយនេះហើយ អ្នកត្រូវតែមើលមនុស្សក្នុងសង្គមឱ្យកាន់តែច្បាស់បន្ថែមទៀតហើយរឹតតែត្រូវការពារខ្លួនឯងកុំឱ្យលិចលង់ជឿជាក់អ្នកដទៃឆាប់រហ័សពេក។ កាន់តែឈឺគឺកាន់តែប្រយ័ត្នហើយក៏កាន់តែកុំឆាប់ទុកចិត្តមនុស្សពេក។

៩.កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនខ្លាំងពេក

ពេលប្រឡូកក្នុងសង្គមនិងជួបនឹងមនុស្សថ្មីៗ​អ្នកប្រហែលជាអាចនឹងមានពេលត្រូវនិយាយគេលេង ​ជជែកគ្នាលេង ឬសួរសំណួរទាក់ទងនឹងរឿងផ្ទាល់ខ្លួនមួយចំនួនតែក្នុងករណីនេះប្រសិនជាអាចគេចវេសមិនឆ្លើយបានក៏គួរតែធ្វើ។ ព័ត៌មានផ្ទាល់ខ្លួន ទាំងទាក់ទងនឹងគ្រួសារម្តាយឪពុក បងប្អូន ទ្រព្យសម្បត្តិ បទពិសោធន៍នៃជីវិត គោលដៅ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនគឺជារឿងដែលមិនត្រួវនិយាយប្រាប់អ្នកណាផ្តេសផ្តាសទេ ព្រោះយើងមិនដឹងថាគេមានបំណងល្អ​ឬយ៉ាងណាឡើយតែអ្នកអាចនឹងបង្ហាញរឿងទាំងនេះសន្សឹមៗបន្តិចៗម្តងនៅក្នុងពេលវេលាណាមួយដែលអ្នកយល់ថាសមស្របនឹងនិយាយ។

១០. រឿងខ្លះគួរតែរក្សាភាពឯកជន

អ្នកគួរតែដឹងហើយថារឿងខ្លះមិនគួរបង្ហើបឬប្រាប់អ្នកឯទៀតទាល់តែសោះ ព្រោះវាជារឿងឯកជន។ បើទោះបីជាមានអ្នកសួរអ្នក យ៉ាងណាក៏ដោយអ្នកក៏កុំឆ្លើយឬប្រសិនជាអ្នកចង់និយាយរឿងទាក់ទងនឹងរឿងផ្ទាល់ខ្លួនគួរតែពិចារណាឱ្យបានល្អិតល្អន់។ មិនថារឿងទាក់ទងនឹងមុខរបរការរកស៊ី គំនិតថ្មីៗនៅក្នុងការងារ រឿងស្នេហា ឬរឿងរ៉ាវផ្ទាល់ខ្លួនអ្នកមិនអាចនិយាយប្រាប់អ្នកដទៃទេ ព្រោះវាអាចនាំហានិភ័យដល់អ្នកខ្លួនឯងបាន៕

រឿងខ្លះគួររក្សាភាពឯកជន
រឿងខ្លះគួររក្សាភាពឯកជន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...