ពិតណាស់ ស្រីៗយើងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ហើយការអស់រដូវ គឺជាមូលហេតុចម្បងមួយដែលបណ្ដាលឲ្យកើតជំងឺនេះ។ ទោះបីជាការអស់រដូវអាចធ្វើឲ្យយើងលែងព្រួយបារម្ភពីការប្រើប្រាស់សំឡីអនាម័យ ថ្នាំពន្យារកំណើត និងអាការៈចុកពោះក៏ដោយ ប៉ុន្តែគ្នាយើងអាចប្រឈមនឹងបញ្ហាផ្សេងៗដូចជាការស្ងួតទ្វារមាស ឡើងទម្ងន់ និងបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនដូចជាជំងឺបេះដូង។
ការអស់រដូវគឺជាដំណាក់កាលមួយដែលកើតឡើងនៅក្នុងជីវិតរបស់ស្ត្រីគ្រប់រូប។ វាក៏ជាពេលដែលអ័រម៉ូនបន្តពូជធ្លាក់ចុះផងដែរ។ ខណៈពេលដែលអូវែឈប់ផលិតអ័រម៉ូនEstrogen និងProgesterone យើងក៏អស់លទ្ធភាពបង្កកំណើតដូចគ្នា។ ប៉ុន្តែបញ្ហានោះគឺ ការធ្លាក់ចុះនៃកម្រិតអ័រម៉ូនទាំងនេះ មានពាក់ព័ន្ធនឹងហានិភ័យខ្ពស់នៃការកើតជំងឺបេះដូង។
ជាទូទៅ ស្ត្រីដល់វ័យអស់រដូវ ដែលកំពុងប្រឈមនឹងបញ្ហាសុខភាពដទៃទៀតដូចជា ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងលើសទម្ងន់ មានហានិភ័យកាន់តែខ្ពស់ក្នុងការវិវត្តនៃជំងឺបេះដូង។ យ៉ាងណាមិញ ការផ្លាស់ប្ដូរបែបបទរស់នៅមួយចំនួនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង អំឡុងពេល និងក្រោយពេលអស់រដូវ។
វាមានសារសំខាន់ណាស់ ក្នុងការត្រួតពិនិត្យរបបអាហាររបស់យើង ពីព្រោះនៅក្នុងវ័យនេះ យើងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទាក់ទងនឹងបេះដូង។ ដូចនេះហើយ យើងគប្បីញ៉ាំរបបអាហារដែលរួមមានផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិហ្វូឡេត និងខ្លាញ់ឆ្អែតទាប ដើម្បីបង្កើនសុខភាពបេះដូង។
ជាមួយគ្នានេះដែរ ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាកំណកឈាម ឬស្ទះសរសៃឈាម។ ក្រៅពីនេះ ការធ្វើលំហាត់ប្រាណក៏អាចជួយកាត់បន្ថយកម្រិតសម្ពាធឈាម កូលេស្តេរ៉ូល រក្សាទម្ងន់ និងជួយឲ្យកម្រិតជាតិស្ករក្នុងឈាមកាន់តែប្រសើរឡើង។
ស្រ្តេសអាចបង្កើនការរលាកនៅក្នុងរាងកាយ ដែលបង្កគ្រោះថ្នាក់ដល់បេះដូងរបស់យើង។ រីឯការធ្វើសមាធិអាចកាត់បន្ថយស្រ្តេស និងការថប់បារម្ភ ការឈឺចាប់រ៉ាំរ៉ៃ ការបាក់ទឹកចិត្ត ព្រមទាំងជំងឺបេះដូងបានយ៉ាងស័ក្ដិសិទ្ធិ។ ដូច្នេះហើយ ចូរធ្វើសមាធិដើម្បីឲ្យចិត្តស្ងប់ល្អ និងកាត់បន្ថយកម្រិតស្រ្តេស។
បន្ថែមពីនេះ យើងចាំបាច់ត្រូវធ្វើការពិនិត្យសុខភាពជាប្រចាំ ដើម្បីវាយតម្លៃស្ថានភាពសុខភាពរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត យើងក៏អាចប្រឈមនឹងបញ្ហាសុខភាពណាមួយនៅដំណាក់កាលដំបូង ហេតុនេះហើយ ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាគឺជារឿងចាំបាច់បំផុត។
ដោយសារតែការអស់រដូវបានបង្កើនហានិភ័យនៃជំងឺបេះដូង ការជក់បារីកាន់តែបំផ្លាញសុខភាពបេះដូងមួយកម្រិតទៀត។ ជាក់ស្ដែង ការជក់បារីបង្កើនចង្វាក់បេះដូង បន្តឹងសរសៃឈាមធំនិងបណ្ដាលឲ្យចង្វាក់បេះដូងលោតមិនទៀងទាត់។ ជារួម វាអាចធ្វើឲ្យបេះដូងចុះខ្សោយ និងបង្កើនសម្ពាធឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet