កត្តាជាក់លាក់មួយចំនួនអាចជះឥទ្ធិពលយ៉ាងធំធេងដល់ការមានកូនរបស់ស្រីៗយើង។ ពិតណាស់ យើងតែងតែចង់បង្កើតគ្រួសារដ៏កក់ក្ដៅមួយ និងមានកូនតូចៗដ៏គួរឲ្យស្រលាញ់។ ដូចនេះ ការយល់ដឹងអំពីកត្តាផ្សេងៗដែលបង្អាក់សមត្ថភាពក្នុងការមានកូន ជារឿងសំខាន់បំផុតដែលគ្នាយើងមិនអាចធ្វេសប្រហែសបានឡើយ។
កត្តាទាំង៤ បង្អាក់សមត្ថភាពក្នុងការមានកូន ស្រីៗគួរប្រយ័ត្ន៖
ខណៈពេលដែលលំហាត់ប្រាណអាចបង្កើនឱកាសមានកូន ជាពិសេសសម្រាប់ស្រីៗដែលធាត់ជ្រុល ការហាត់ប្រាណហួសប្រមាណ ក៏អាចប៉ះពាល់ដល់សមត្ថភាពមានកូនដូចគ្នា។ ពិតណាស់ ការហាត់ប្រាណច្រើនជ្រុលអាចប៉ះពាល់ដល់កម្រិតអ័រម៉ូន និងវដ្ដរដូវ ដែលបណ្ដាលឲ្យកម្រិតអ័រម៉ូនProgesterone ធ្លាក់ចុះ ជាហេតុបង្អាក់ស៊ុតមិនឲ្យបង្កកំណើត។ ហេតុនេះហើយ ស្រីៗយើងគប្បីហាត់ប្រាណក្នុងកម្រិតមួយសមស្រប ទើបជាការប្រសើរ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ
ជាមួយគ្នានេះដែរ ភាពតានតឹងផ្លូវចិត្ត និងការថប់បារម្ភក៏ជះឥទ្ធិពលលើឱកាសមានផ្ទៃពោះផងដែរ។ ជាក់ស្ដែង កម្រិតអ័រម៉ូនCortisol និងAdrenalineខ្ពស់ អាចប៉ះពាល់ដល់មុខងាររាងកាយរបស់យើង ហើយវាថែមទាំងធ្វើឲ្យជំងឺរ៉ាំរ៉ៃរបស់យើងកាន់តែយ៉ាប់យ៉ឺនទៅៗ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺថ្មីៗ ដូចជាធាត់ជ្រុល និងមុខងារមេតាប៉ូលីសមិនប្រក្រតី។ ការធ្វើសមាធិ និងវិធីសាស្ត្រកាត់បន្ថយស្រ្តេស អាចជួយកម្ចាត់ផលប៉ះពាល់នៃស្រ្តេសចំពោះរាងកាយយើងបានយ៉ាងមានប្រសិទ្ធភាព។
គុណភាពរបស់ស៊ុតនឹងអន់ថយនៅពេលដែលស្រីៗយើងមានវ័យកាន់តែច្រើនទៅៗ។ នៅក្នុងវ័យ២០ឆ្នាំ យើងមានឱកាសមានផ្ទៃពោះប្រហែល២៥%ទៅ៣០%ជារៀងរាល់ខែ ហើយវានឹងថយចុះត្រឹម៥%នៅពេលដែលយើងមានវ័យ៤០ឆ្នាំ។
យោងតាមសមាគមអាមេរិកសម្រាប់វេជ្ជសាស្ត្របន្តពូជបានបង្ហាញថា ទាំងការលើសទម្ងន់ និងមិនគ្រប់ទម្ងន់ សុទ្ធតែជាមូលហេតុចម្បងដែលធ្វើឲ្យយើងអសកម្មភាពក្នុងការមានកូន។ កត្តាទម្ងន់មិនសមស្របអាចនាំមានបញ្ហាអ័រម៉ូន ដែលនាំឲ្យរដូវមិនទៀងទាត់ និងបង្កើនហានិភ័យនៃការរលូតកូន។ ប៉ុន្តែមូលហេតុមួយនេះអាចដោះស្រាយបាន ប្រសិនបើស្រីៗយើងមានទម្ងន់សមស្របឡើងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet