នៅពេលដែលយើងមានវ័យកាន់តែច្រើន ខួរក្បាលក៏ប្រឈមនឹងការប្រែប្រួលកាន់តែខ្លាំង ដែលជាហេតុនាំឲ្យមុខងារខួរក្បាលចុះខ្សោយ។ ជាមួយគ្នានេះដែរ គ្នាយើងអាចជួបនឹងការធ្លាក់ចុះការផលិតអ័រម៉ូនជាក់លាក់ ចំនួនកោសិកាសរសៃប្រសាទក្នុងខួរក្បាលថយចុះ និងការរលាកកើនឡើង។ ជាលទ្ធផល ការប្រែប្រួលទាំងនេះ អាចប៉ះពាល់ដល់ការចងចាំ ការគិត និងសមត្ថភាពយល់ដឹង។ ដូច្នេះហើយ ដើម្បីជួយពង្រឹងសមត្ថភាពខួរក្បាលឲ្យកាន់តែប្រសើរឡើង គ្នាយើងអាចសាកល្បងវិធីសាស្ត្រខាងក្រោមនេះ។
ការបញ្ចេញសកម្មភាពរាងកាយជាទៀងទាត់ អាចជួយពង្រឹងលំហូរឈាមទៅកាន់ខួរក្បាល និងគាំទ្រមុខងារខួរក្បាល។ លើសពីនេះ ការហាត់ប្រាណក៏អាចជួយគ្រប់គ្រងបញ្ហាផ្លូវចិត្តមួយចំនួន ដូចជាស្រ្តេស ការថប់បារម្ភ និងការបាក់ទឹកចិត្ត។ ដូចនេះ យើងគួរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន១៥០នាទី ក្នុងមួយសប្តាហ៍ ទើបជាការប្រសើរ។
ជាមួយគ្នានេះដែរ យើងក៏មិនគួររំលងអាហារសុខភាពដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗចំពោះសុខភាពខួរក្បាលដូចគ្នា ដែលរបបអាហារទាំងនេះរួមមាន ផ្កាខាត់ណាខៀវ ស៊ុត សណ្តែកដី និងផ្លែប៊ឺរជាដើម។
ចំណែកឯការគេងគ្រប់គ្រាន់ និងស្កប់ស្កល់មានសារៈសំខាន់ណាស់ សម្រាប់មុខងារយល់ដឹង ដោយអាចជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ កាត់បន្ថយស្រេ្តស ក៏ដូចជាមានថាមពលក្លៀវក្លានៅពេលព្រឹកព្រលឹម។ ហេតុនេះហើយ គ្នាយើងគួរគេងឲ្យបាន៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ។
ការចូលរួមនៅក្នុងសកម្មភាពកំសាន្តមួយចំនួន ដូចជាការលេងហ្គេម ឬលេងផ្គុំរូបភាពអាចជួយទ្រទ្រង់មុខងារយល់ដឹង ពង្រឹងការគិត និងការចងចាំ។ ដូចគ្នានេះដែរ យើងគួររក្សាទំនាក់ទំនងល្អក្នុងសង្គម ដើម្បីជួយឲ្យសុខភាពខួរក្បាលដំណើរការបានរលូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet