ទឹកដោះគោម្សៅ ជាទូទៅដែលគ្នាយើងជាម៉ាក់ប៉ានិយមឆុងឲ្យកូនបៅ ភាគច្រើនផលិតឡើងពីទឹកដោះគោដែលសម្រិតសម្រាំងឲ្យសមស្របសម្រាប់ទារក ឬក្មេងតូចៗ។ តែគ្នាយើងមានដឹងទេថា ក្រៅពីផលិតឡើងដោយទឹកដោះគោ នៅមានប្រភេទម្សៅទឹកដោះសិប្បនិម្មិតសម្រាប់ទារក ឬក្មេងតូចមួយចំនួនទៀតដែលផលិតឡើងដោយប្រើរូបមន្តខុសពីទឹកដោះគោ។
ចំពោះទឹកដោះគោម្សៅសម្រាប់ទារក ឬក្មេងតូចទាំងអស់ មុននឹងចូលក្នុងទីផ្សារបានគឺត្រូវមានការទទួលស្គាល់ដោយរដ្ឋបាលចំណីអាហារ និងឱសថ ឬហៅកាត់ថា FDA និងក្រសួងសុខាភិបាល។ ទឹកដោះគោម្សៅមានរូបមន្ត ៣ប្រភេទធំៗដូចជា៖
រូបមន្តប្រូតេអ៊ីនទឹកដោះគោ៖ ទឹកដោះគោម្សៅសម្រាប់ទារកភាគច្រើនត្រូវបានផលិតឡើងដោយប្រើទឹកដោះ ដែលបន្ថែមសារធាតុចិញ្ចឹមផ្សេងៗឲ្យស្រដៀងទៅនឹងទឹកដោះម្ដាយ។ ទឹកដោះគោម្សៅមានតុល្យភាពនៃសារធាតុចិញ្ចឹមត្រឹមត្រូវ ហើយធ្វើឲ្យវាងាយស្រួលក្នុងការរំលាយ។ ជាទូទៅ ក្រៅពីទឹកដោះម្ដាយ ទារក ឬក្មេងតូចអាចបៅទឹកដោះគោម្សៅបានយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ ទារកមួយចំនួនអាចនឹងមានបញ្ហាអាលែកហ្ស៊ីទឹកដោះគោ បណ្ដាលឲ្យប្រើទឹកដោះគោម្សៅមិនបាន។
រូបមន្តសណ្ដែកសៀង៖ ទឹកដោះសិប្បនិម្មិតដែលមានរូបមន្តសណ្ដែកសៀង អាចមានប្រយោជន៍ ប្រសិនបើគ្នាយើងមិនចង់ឲ្យអាអូនទទួលប្រូតេអ៊ីនពីសត្វ (ទឹកដោះគោ ឬទឹកដោះពពែ)។ ទឹកដោះសិប្បនិម្មិតដែលផលិតឡើងដោយសណ្ដែកសៀង ក៏ជាជម្រើសមួយដ៏ល្អសម្រាប់ទារកដែលមានប្រតិកម្មទឹកដោះគោ ឬអាលែកហ្ស៊ីនឹងជាតិឡាក់តូស (Lactose Intolerant)។ ប៉ុន្តែ យើងក៏ត្រូវដឹងដែរថា ក្មេងៗមួយចំនួនដែលមានបញ្ហាអាលែកហ្ស៊ីទឹកដោះគោ ក៏អាចមានអាលែកហ្ស៊ីជាមួយទឹកដោះសិប្បនិម្មិតផលិតឡើងដោយសណ្ដែកសៀងដែរ។
រូបមន្តhydrolysate៖ រូបមន្តទាំងនេះផ្ទុកប្រូតេអ៊ីនដែលបំបែកដោយផ្នែក ឬទាំងមូលទៅជាទំហំតូចៗជាជាងរូបមន្តទឹកដោះគោ ឬសណ្ដែកសៀង។ ទឹកដោះគោសិប្បនិម្មិតដែលមានរូបមន្តនេះស័ក្ដិសមបំផុតសម្រាប់ទារក ឬក្មេងដែលក្រពះពោះវៀនមិនអាចទ្រាំទ្រនឹងរូបមន្តប្រូតេអ៊ីនទឹកដោះគោ ឬសណ្ដែកសៀងបាន ពោលគឺក្មេងៗដែលមានបញ្ហាអាលែកហ្ស៊ី។
លើសពីនេះទៅទៀត ក៏មានទឹកដោះសិប្បនិម្មិតមានរូបមន្តពិសេសអាចរកបានសម្រាប់ទារកមិនគ្រប់ខែ និងទារកដែលមានបញ្ហាសុខភាពជាក់លាក់ណាមួយដែរ។ ដ្បិតតែឥឡូវនេះ ទឹកដោះសិប្បនិម្មិតមានជម្រើសសម្បូរបែប សម្រាប់ម៉ាក់ប៉ាជ្រើសរើស ក៏ប៉ុន្តែពី WHO និងក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យម្ដាយគ្រប់រូបបំបៅដោះកូនយ៉ាងតិច ៦ខែ ឬលើសនេះ រួចសឹមផ្ដល់អាហារបន្ថែមក្រៅដូចជា បបរខាប់គ្រប់គ្រឿងជាដើម។
ទឹកដោះគោម្សៅមានរូបមន្ត ៣ ប្រភេទធំៗដូចជា៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet