ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ! - TrueID

ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ!

August 25, 2022

គ្នា​យើង​ដឹង​អត់​ថា​ ការ​​​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជាង​២០%​នៃ​បរិមាណ​កាល់ឡូរី​​ប្រចាំថ្ងៃ អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​​របស់​យើង​ធ្លាក់​ចុះ? ពិត​ណាស់​ អាហារ​កែច្នៃ​​ដូចជា​​ស៊ុប​បង្កក សាច់​ក្រក បឺហ្គឺ ដំឡូង​បំពង នំ​ឃេក និង​ស្ករ​គ្រាប់​ជា​ដើម​។ ថ្វី​ត្បិត​តែ​​មាន​ភាព​ងាយ​ស្រួល​​ និង​រសជាតិ​ឆ្ងាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​អាហារ​ទាំង​នេះ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។  

ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​កែច្នៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ជ្រុល​ បញ្ហា​បេះដូង ទឹក​នោម​ផ្អែម​ និង​មហារីក។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជ្រុល​ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​សមត្ថភាព​ខួរ​ក្បាល​ រួម​ទាំង​ផ្នែក​​ពាក់ព័ន្ធ​នឹង​មុខងារ​ប្រតិបត្តិការ សមត្ថភាព​ក្នុង​ការ​ដំណើរការ​ព័ត៌មាន និង​ការ​សម្រេច​ចិត្ត​ផង​ដែរ​។ ជាក់ស្ដែង អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ មាន​ការ​​ថយ​ចុះ​​ការ​សមត្ថភាព​ខួរ​ក្បាល​ផ្នែក​យល់​ដឹង​​ចំនួន​​២៨%​ និង​មុខងារ​ប្រតិបត្តិ​ចំនួន​២៥%​ លឿន​ជាង​អ្នក​ដែល​មិន​សូវ​ញ៉ាំ​ពពួក​អាហារ​ទាំង​នេះ។  

លោក ​Rudy Tanzi សាស្ត្រាចារ្យ​ផ្នែក​សរសៃ​ប្រសាទ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​ហ្សែន​ និង​វ័យ​ចំណាស់​នៅ​មន្ទីរពេទ្យ​Massachusetts ក្នុង​ទីក្រុង​Bostonមាន​ប្រសាសន៍​ថា “បញ្ហា​ចម្បង​នៅ​ក្នុង​អាហារ​កែច្នៃ​ គឺ​ដោយ​សារ​តែ​អាហារ​ទាំង​នោះ មាន​ជាតិ​ស្ករ​ អំបិល​ និង​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​រលាក​ជា​ប្រព័ន្ធ និង​ប្រហែល​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​ដំណើរការ​វិវត្តន៍​នៃ​អាយុ​​ខួរ​ក្បាល​ និង​រាងកាយ​ថែម​ទៀត​ផង​”។  

ហេតុ​នេះ​ហើយ​ ដើម្បី​ពង្រឹង​ការ​ចងចាំ​ និង​សុខភាព​ខួរ​ក្បាល ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​សុខភាព​ផ្សេង​ៗ​​ គ្នា​យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​​អាហារ​ប្រភេទ​នេះ ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ ទើប​ជា​ការ​ប្រសើរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...