ចំពោះគ្នាយើងមួយចំនួន ពេលយប់ដែលចង់គេងសម្រាកឲ្យបានស្រួលខ្លួន បែរក្លាយជាពេលខួរក្បាលចាប់ផ្ដើមគិតវែងឆ្ងាយដល់ណាដល់ណី ទប់មិនចង់ជាប់។ ការគិតច្រើនបែបនេះ បណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់ ឈឺក្បាល និងមានអារម្មណ៍ថា ល្ហិតល្ហៃក្នុងខ្លួនថែមទៀត។
ការគិតច្រើននៅពេលយប់ ភាគច្រើនបណ្ដាលមកពីដំណើរការខួរក្បាលរម្លឹកដល់ហេតុការណ៍ដែលបានកើតឡើងនៅពេលថ្ងៃ ឬរម្លឹកដល់ហេតុការណ៍ណាមួយកើតឡើងក្នុងជីវិតដែលយើងមិនអាចបំភ្លេចបាន។ ម៉្យាងវិញទៀត នៅពេលថ្ងៃ យើងមមាញឹកនឹងការងារ ហេតុនេះហើយ ខួរក្បាលមិនសូវមានពេលទំនេរគិតដល់ហេតុការណ៍អស់នោះ។ ការគេងមិនលក់ ដោយសារគិតច្រើន ក៏អាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តយើងដែរដូចជា ជំងឺ ថប់បារម្ភជាដើម។
ការប្រើទូរស័ព្ទ ឬកុំព្យូទ័រមុនពេលចូលគេង អាចបង្កើនកម្រិតថប់បារម្ភ និងស្ត្រេស ពិសេសពេលដែលយើងបានអាន មើលរឿង ឬព័ត៌មានរន្ធត់ធ្វើឲ្យយើងបារម្ភ ខ្លាចលើសដើម។ លើសពីនេះ ពន្លឺរបស់គ្រឿងអេឡិចត្រូនិកទាំងនេះ ប៉ះពាល់ទៅដល់ផលិតកម្ម melatonin នៅក្នុងរាងកាយ បណ្ដាលឲ្យយើងពិបាកគេងលក់។
បន្ទាប់ពីទុកគ្រឿងអេឡិចត្រូនិកអស់នោះចោលហើយ យើងអាចធ្វើសកម្មភាពអ្វីផ្សេងទៀត ដើម្បីបន្លប់ខ្លួនឯងឲ្យឆាប់ងងុយគេង។ យើងអាចបែរទៅអានសៀវភៅប្រលោមលោក សៀវភៅត្លុក ឬអង្គុយសរសេរកំណត់ពីអ្វីដែលបានកើតឡើងពេលថ្ងៃក៏បាន។ ការធ្វើសកម្មភាពបែបនេះអាចជួយបន្លប់ខួរក្បាលយើងមិនឲ្យគិតច្រើន ជួយឲ្យយើងគេងបានលក់ស្រួល។
ការដុតប្រេងក្រអូបនៅក្នុងបន្ទប់ ជួយសម្រួលអារម្មណ៍របស់យើងបាន និងបង្កើតបរិយាកាសស្ងប់ស្ងាត់ធូរស្រាល ពិសេសប្រេងក្រអូបក្លិនផ្កា Lavender។ ប៉ុន្តែ ត្រូវប្រយ័ត្ននៅពេលប្រើប្រេងក្រអូប ព្រោះវាអាចបង្កឲ្យអាលែកហ្ស៊ីបាន។
ការដកដង្ហើមវែងៗ ដើរតួជាតិចនិកបន្លប់អារម្មណ៍ដ៏មានប្រសិទ្ធភាព ពិសេសពេលដកដង្ហើមបណ្ដើរ រាប់លេខបណ្ដើរ។ ឧ. ពេលចាប់ផ្ដើមដកដង្ហើមចូលរាប់ពី ១-៣ យឺតៗ រួចដកដង្ហើមចេញរាប់ពី ១-៥ យឺត។ ព្យាយាមផ្ដោតអារម្មណ៍ទៅលើ ការដកដង្ហើមនោះ កុំឲ្យបែកអារម្មណ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet