គ្នាយើងមួយចំនួនចេះតែងបែកញើសចុងដៃចុងជើង មិនដឹងមូលហេតុ ជួនកាលអង្គុយនៅក្នុងកន្លែងម៉ាស៊ីនត្រជាក់សោះ បាតដៃបាតជើងបែកញើសដែរ។ ចុះហេតុអ្វីបានយើងចេះតែបែកញើសចុងដៃជើង ទាំងដែលអាកាសធាតុត្រជាក់អ៊ីចឹង?
មូលហេតុជាច្រើនបណ្ដាលឲ្យសីតុណ្ហភាពរាងកាយរបស់យើងឡើងកម្ដៅដូចជា អាកាសធាតុក្ដៅ ការហាត់ប្រាណ អារម្មណ៍តានតឹង ស្ត្រេស ការថប់បារម្ភ ឬភាពភ័យស្លន់ស្លោ។ល។ សូម្បីតែពេលយើងញ៉ាំអាហារហឹរ ក៏បែកញើសចេញមកដែរ។ នេះបើតាមលោកវេជ្ជបណ្ឌិត Ernest Wangជាទីប្រឹក្សាជាន់នៃSinghealth group ប្រទេសសឹង្ហបុរី។
ការបែកញើសហួសប្រមាណដែលមិនបង្កឡើងដោយអាកាសធាតុ ឬការធ្វើលំហាត់ប្រាណទេនោះ អាចបណ្ដាលមកពីបញ្ហាមួយហៅថា Hyperhidrosis។ គ្នាយើងដែលមានបញ្ហានេះ ទោះជានៅក្នុងម៉ាស៊ីនត្រជាក់ក៏បែកញើសប្រអប់ដៃជើង ឬក្លៀកជោគអាវ បង្កឲ្យយើងខ្មាសគេមិនស្ទើរទេ។ ពេលខ្លះកាលដែលយើងបែកញើសចុងដៃចុងជើងក៏អាចជាសញ្ញានៃជំងឹដូចជា៖
– ទឹកនោមផ្អែម
– ជាតិស្ករក្នុងឈាមទាប
– ការឆ្លងមេរោគ
– ជំងឺមហារីកមួយចំនួន
– ជំងឺបេះដូង
– បញ្ហាក្រពេញទីរ៉ូអ៊ីត។
តិចនិកទប់ទល់នឹងបញ្ហាបែកញើសចុងដៃចុងជើង
ប្រសិនបើគ្នាយើងធុញទ្រាន់នឹងបញ្ហាបែកញើសចុងដៃដើង ឬបែកញើសក្លៀកខ្លាំង អាចសាកល្បងជាមួយតិចនិកនេះ ដើម្បីទប់ស្កាត់បញ្ហាបែកញើសខ្លាំងនេះកើតឡើងបានដោយ៖
លាបផលិតផល Antiperspirant បំបាត់ក្លិន និងញើសលើបាតដៃ និងបាតជើងមុនពេលចូលគេង។
ចៀសវាងញ៉ាំជាតិកាហ្វេអ៊ីន ឬអាហារហឹរ ដែលបណ្ដាលឲ្យបែកញើសកាន់តែខ្លាំង។
ងូតទឹកជាប្រចាំ តែត្រូវចៀសវាងងូតទឹកក្ដៅ ឬសូណា ដើម្បីទប់ស្កាត់សីតុណ្ហភាពរាងកាយឡើងខ្ពស់។
ជូតជើងឲ្យស្ងួតក្រោយងូតទឹក ដើម្បីទប់ស្កាត់បាក់តេរីកើនឡើង។
សាកល្បងតាំងសមាធិ ឬតិចនិកកាត់បន្ថយស្ត្រេសផ្សេងៗ ចៀសវាងបែកញើសដោយសារស្ត្រេសខ្លាំងពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet