អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនូវប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់មេរោគឆ្លង ដែលប្រើអក្សរក្រិក។ វីរុសកូវីដ១៩វ៉ារ្យ៉ង់ចក្រភពអង់គ្លេស ឬខេន អាហ្វ្រិកខាងត្បូង ប្រេស៊ីល និងឥណ្ឌា នឹងត្រូវបានហៅដូចជា Alpha, Beta, Gamma និង Delta ជំនួសវិញ
កាលពីមុន គេបានហៅឈ្មោះវីរុសបម្លែងខ្លួនថ្មី ដោយភ្ជាប់ជាមួយភូមិសាស្ត្រដំបូងនៃការរកឃើញវីរុសបម្លែងខ្លួន។ ការដាក់ឈ្មោះវីរុសបម្លែងខ្លួនថ្មី ដោយភ្ជាប់ជាមួយឈ្មោះប្រទេសជាការធ្វើឳ្យប៉ះពាល់ដល់មុខមាត់ប្រទេសណាមួយ។
បើតាមជីវវិទូ ការប្រើប្រព័ន្ធហៅឈ្មោះកន្លងមក ដោយភ្ជាប់ជាមួយឈ្មោះប្រទេសនេះ អាចបង្កឱ្យមានការរើសអើងជាតិសាសន៍។ ទន្ទឹមនិងនេះ ការប្រើប្រព័ន្ធហៅឈ្មោះពីមុន អាចជាការបង្អាក់ដល់ការស្វះស្វែងរកមេរោគបម្លែងខ្លួនថ្មី ដោយសារថា នៅពេលគេរកឃើញវីរុសបម្លែងខ្លួនថ្មី នាំឳ្យមានការហៅឈ្មោះវីរុសភ្ជាប់ទៅនិងឈ្មោះប្រទេសរបស់គេ។ ម៉្យាងវិញទៀត មិនមានការធានាថា ឈ្មោះវីរុសបម្លែងថ្មីដែលដាក់ទៅតាមភូមិសាស្ត្រទាំងនេះ គឺត្រឹមត្រូវនោះដែរ ដោយហេតុថាវីរុសបម្លែងថ្មី អាចរីករាលដាលនៅកន្លែងណាផ្សេង មុនពេលវាត្រូវបានគេរកឃើញ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឱ្យការមាក់ងាយប្រទេសឬទីក្រុងឬទន្លេឬព្រៃរបស់ពួកគេ ដោយសារវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺឆ្លងនោះទេ។
ការដាក់ឈ្មោះជំងឺ ភ្ជាប់ទៅនឹងឈ្មោះកន្លែងណាមួយដែលគេកំណត់ថាជាដើមកំណើតនៃជំងឺ មានតាំងពីបុរាណមក។ នៅសតវត្សរ៍មុន ជនជាតិអ៊ីតាលី អាល្លឺម៉ង់ និងអង់គ្លេសបានហៅរោគស្វាយ ថា "ជំងឺបារាំង" រីឯបារាំងបានហៅថា “ជំងឺ Neapolitan” ជំងឺ Zika ហៅតាមឈ្មោះព្រៃនៅអ៊ូហ្គង់ដា ជំងឺអេបូឡា ហៅតាមឈ្មោះទន្លេនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កញ្ជ្រិលអាឡឺម៉ង់វីរុស ឬ West Nile ហៅតាមឈ្មោះទន្លេនីល ជំងឺឡែម ត្រូវបានដាក់ឈ្មោះតាមទីក្រុងមួយនៅខុនិចធីខន។ ជំងឺMers ត្រូវបានគេហៅបែបនេះ ផ្អែកតាមអក្សរកាត់ដែលមកពីពាក្យពេញ Middle East respiratory syndrome ដែលមានន័យថា ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា។
យោងទៅតាមមូលដ្ឋានទិន្នន័យ genome របស់ Nextstrain.org ឥឡូវនេះ ជាសរុបវីរុស SARS CoV-2 ដែលជាវីរុសបង្កជំងឺកូវីដ១៩ ដែលត្រូវបានគេស្គាល់មានជាង ១០០០វ៉ារ៉្យង់ ឬ មានន័យថា វាបានបម្លែងខ្លួនបានជាង១០០០ប្រភេទ។ ទោះជាបែបនេះក្តី វីរុសបម្លែងខ្លួនចំនួន៤ប្រភេទ ដែលគេកំពុងបារម្ភជាងគេ ឬហៅជាភាសាអង់គ្លេសថា the "variants of concern" ដែលកន្លងមកគេបានហៅឈ្មោះដោយភ្ជាប់ទៅនិងភូមិសាស្ត្រ ឬប្រទេសដំបូងនៃការរកឃើញវានោះ ឥឡូវនេះអង្គការសុខភាពពិភពលោក បានប្រកាសប្រើប្រាស់នូវប្រព័ន្ធដាក់ឈ្មោះថ្មីទាំងនោះដោយប្រើអក្សរក្រិកវិញ ដើម្បីជៀសវាងឬបញ្ចប់ការមាក់ងាយឬការធ្វើឱ្យអាម៉ាស់ឬការរើសអើងដល់ប្រទេសជាក់លាក់ណាមួយ៕